ព័ត៌មានអន្តរជាតិ

លោក ត្រាំ អះអាងថា មិនបានកំណត់ពេលវេលា ឬជំរុញល្បឿនលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើងទ្បើយ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា មិនមានការកំណត់ពេលវេលាឲ្យបានឆាប់រហ័ស ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្រោមកិច្ចព្រមព្រៀងរវាងលោក ជាមួយលោក គីម ជុងអ៊ុន នោះទេ ប៉ុន្តែមេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ថា ដំណើរការនេះ នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា កិច្ចពិភាក្សារវាងប្រទេសទាំងពីរ កំពុងបន្តហើយពួកគេ នឹងធ្វើវាឲ្យបានល្អបំផុត។ យ៉ាងណាមិញលោក ក៏បានបន្ថែមថា អាមេរិក មិនបានកំណត់ពេលវេលា ឬជំរុញល្បឿនលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ក្រុងព្រុងយ៉ាងនោះទេ។

ដោយលោកបានឲ្យដឹងទៀតថា លោកបានពិភាក្សា បញ្ហាកូរ៉េខាងជើង ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃច័ន្ទ នៅឯកិច្ចប្រជុំកំពូលរបស់ពួកគេ នៅទីក្រុងហែលស៊ីនគី ខណៈលោកអះអាងថា លោក ពូទីន នឹងចូលរួមដោះស្រាយបញ្ហានេះ ជាមួយអាមេរិកផងដែរ»៕

មតិយោបល់