ព័ត៌មានជាតិ

រថយន្តម៉ាកហុងដា បោះពួយទៅបុករថយន្តម៉ាក កូរ៉ូឡា ពេញទំហឹង ខូចខាតទាំង២គ្រឿងទាំងព្រឹក

ភ្នំពេញ: យ៉ាងហោចណាស់រថយន្ត២គ្រឿង រងការខូចខាតយ់ាងដំណំដូចគ្នា។ ក្នុងនោះមានរថយន្តម៉ាកហុងដា មួយគ្រឿង និង រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងផងដែរ ខណ:ដែលអ្នកបើកបររថយន្តម៉ាកហុងដាបើកបោះពួយចេញពីកន្លែងលាងរថយន្ត ហើយជ្រុលទៅបុករថយន្តម៉ាកកូរ៉ូឡាពេញទំហឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅខាងមុខហាងលាងរថយន្តមួយកន្លែង តាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

រថយន្តដែលរងការខូចខាតទាំង២គ្រឿងនោះមាន រថយន្តម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2E-6695 និងមួយគ្រឿងទៀតម៉ាក ហុងដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-9149។

មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកហុងដា មួយគ្រឿងតែម្នាក់ឯងទំនងជាទើបចេញពីលាងនោះ បានបោះពួយក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តម៉ាកកូរ៉ូឡា ពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នាតែម្តង តែមិនបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះមកដល់ ឲ្យភាគីទាំង២ធ្វើការដោះស្រាយគ្នា ដោយភាគខាង រថយន្តម៉ាកហុងដាបង្កយល់ព្រមយករថយន្តកូរ៉ូឡា ទៅធ្វើការជួសជុលឲ្យ និងបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ភ្លាមៗផងដែរ៕

មតិយោបល់