ភ្នំពេញៈ ក្នុងនាមជាថ្នាក់ដឹកនាំខណ្ឌ ដើម្បីបម្រើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋមានផ្លូវបេតុងប្រើប្រាស់ លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមន្ត្រីថ្នាក់ក្រោម អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង៣ខ្សែ នៅភូមិសែនសុខទី២ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី១៣ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ចៅសង្កាត់ឃ្មួញ លោក សួង ម៉ុក ឲ្យដឹងថា ផ្លូវដែលកំពុងស្ថាបនាជាផ្លូវបេតុង៣ខ្សែនេះ ជាគម្រោងរបស់សាលាសង្កាត់ឃ្មួញ ដែលបានស្នើសុំចំណែកការចំណាយជាថវិការបស់មូលនិធិ់អភិវឌ្ឍន៍សាលាសង្កាត់ឃ្មួញ ក្នុងឆ្នាំ២០១៦ ដែលត្រូវចំណាយថវិកាអស់ចំនួន១០៦,៧៦៥,៥៦០រៀល ស្ថាបនាដោយក្រុមហ៊ុន លឹម ម៉ៅ។ ផ្លូវដែលស្ថាបនានេះ មានចំនួន៣ខ្សែ ដែលមានប្រវែង៣៨៧ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់១,៥សង់ទីម៉ែត្រ ចាក់បេតុងសុទ្ធមិនមានប្រើឆ្អឹងនោះទេ។
ក្នុងឱកាសនោះដែរ លោកអភិបាល ប៉ឹល កុសល បានបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ឋបាលខណ្ឌសែនសុខ និងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខទាំងមូល និងក្នុងនាមលោកផ្ទាល់ សូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍គ្រប់វិស័យ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងការផ្តល់ថវិកាដល់ថ្នាក់ក្រោមជាតិ ជាពិសេសផ្ដល់ដល់រដ្ឋបាលខណ្ឌសែនសុខ ជារៀងរាល់ឆ្នាំនូវថវិកាដើម្បីធ្វើការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយផ្តោតសំខាន់ទៅលើគម្រោងជាអាទិ៍ភាព គឺការស្ថាបនាផ្លូវ និងការដាក់លូរំដោះទឹកឲ្យមានលក្ខណៈល្អប្រសើរ និងមានគុណភាពខ្ពស់បំផុត និងសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់ សូមមេត្តាអធ្យាស្រ័យ និងយោបល់៕
មតិយោបល់