ភ្នំពេញៈ បុរសជនជាតិចិនម្នាក់បើករថយន្តទាំងស្រវឹងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុកម៉ូតូហុងដាឌ្រីមសង់ពីចំហៀងពេញទំហឹងអូសជាង ៣០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់២នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចស្តុបអាគារ៤២ជាន់ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1E-4487 ធ្វើដំណើរតាមបណ្តោយផ្លូវព្រសីហនុ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AR-5563 បើកបរដោយបុរសម្នាក់ជាជនជាតិចិនទាំងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដោយមិនបានបន្ថយល្បឿនក៏ជ្រុលបុកម៉ូតូពីំហៀងពេញទំហឹងហើយអូសម៉ូតូជាប់ក្រោមរថយន្តជាង៣០ម៉ែត្រទើបឈប់ធ្វើឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។ ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។ ភ្លាមនោះជនរងគ្រោះក៏ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុនិងឃាត់ម្ចាស់រថយន្តប្រគល់ឲ្យជំនាញចរាចរណ៍និងវាស់វែងយករថយន្ដនិងម៉ូតូទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់