ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប ឡិចស៊ីស៤៧០ ស្លាកលេខ ភ្នំពេញ2S-5499 បុកក្បាលថ្មចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច!

ភ្នំពេញ: បុរសម្នាក់ទំនងស្រវឹងស្រាបើកបររថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស៤៧០ក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតអស់ចំនួន៣កង់។ ចំណែករថយន្តកល់ជាប់បើកទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ( ទល់មុខផ្សារស៊ីធីម៉ល ) ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-5499 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងបើកក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិចដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកក្បាលថ្មចែកទ្រូងផ្លូវអស់ចំនួន១កង់ ហើយបានព្យាយាមបើកទៅមុខទៀត ខណ:ដែលរថយន្តបែកកង់ខាងឆ្វេងក៏រេទៅបុកទ្រូងផ្លូវម្តងទៀតអស់ចំនួន២កង់ថែមទៀត ធ្វើឲ្យរថយន្តដាច់កាឡេកង់ខាងមុខខាងឆ្វេងអស់១ និងកល់ជាប់ពាក់កណ្ដាលទ្រូងផ្លូវបើកទៅមុខលែងរួចតែម្ដង

ក្រោយកើតហេតុម្ចាស់រថយន្ដបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ក្រោយមកទើបសម្ថកិច្ចជំនាញចរាចរណ៍ជើងគោកបានចុះមកដល់កន្លែងកើតហេតុដើម្បីវាស់វែងស្ទួចរថយន្តយកទៅរក្សាទុកនៅការិយាចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់