ភ្នំពេញៈ មនុស្សចំនួន២នាក់ ត្រូវបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលជិះម៉ូតូបោះពួយបុកគ្នាពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចជិតរង្វង់មូលចោមចៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1D-8209 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីតើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមសង់ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V-8871 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសចរាចរណ៍ឆ្លងផ្លូវមកក៏ចាប់ហ្វ្រាំងមិនទាន់បុកគ្នាពេញទំហឹងតែម្តង បណ្តាលឲ្យភាគីខាងម៉ូតូឆ្លងផ្លូវរបួសបាក់ជើងខាងឆ្វេង។ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូត្រូវបាននគរបាលធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់