ព័ត៌មានជាតិ

លួចម៉ូតូគេជិះគេចខ្លួនបានពាក់កណ្តាលផ្លូវ ម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច!…

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់លួចកាច់.កម៉ូតូបានហើយជិះគេចខ្លួនមិនរួច ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ មុខផ្ទះជនរងគ្រោះ ក្រុម៧ ភូមិឡកំបោសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះចាន់ សុដាភេទប្រុសអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ស្រះចកខណ្ឌដូនពេញ។
ជនរងគ្រោះឈ្មោះនួន សុវណ្ណធីភេទប្រុសអាយុ២៦ឆ្នាំស្នាក់នៅក្រុម៧ភូមិឡកំបោសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
ម៉ូតូដែលជនសង្ស័យលួចកាច់សោកហើយយគេចខ្លួនមិនរួចនោះម៉ាកហុនដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GZ 1643។

ប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានទុកម៉ូតូនៅមុខផ្ទះ ខណ:ដែលរវល់ដួសទឹករៀបចំហូបបាយស្រាប់តែឮសម្លេងបញ្ឆេះម៉ូតូនិងជាន់លេខម៉ូតូ ខ្លួនក្រឡេកមើលម៉ូតូមិនឃើញក៏ចេញមកក្រៅផ្ទះ ឃើញជនសង្ស័យខាងលើជិះម៉ូតូខ្លួនហើយបក្ខពួកជនសង្ស័យម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខដែលជាមធ្យោបាយធ្វើដំណើររបស់ពួកវា ខ្លួនក៏ស្រវ៉ាម៉ូតូមួយគ្រឿងទៀតជិះដេញតាមរហូតដល់មុខសាលាកូរ៉េ ក្នុងភូមិផ្លូផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ ជនសង្ស័យជិះទៅមុខលែងរួចដោយផ្លូវទាល់រូបគេនិងប្រជាពលរដ្ឋនៅក្បែរនោះក៏ចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាកតែម្តង។
ចំណែកបក្ខពួកម្នាក់ជិះគេចខ្លួនបាត់ស្រមោល។

វត្ថុតាងដែលសមត្ថកិច្ចដកហូតពីជនសង្ស័យមានដែកសម្រាប់កាច់សោកម៉ូតូចំនួនមួយ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់