ព័ត៌មានជាតិ

ភ្លើងប្រចណ្ឌ! កម្មករដឹកទឹកកកBS បើករថយន្តបំបុកសម្លាប់មន្ត្រីការពារព្រំដែនគោកវរសេនានិងនារីម្នាក់ស្លាប់ ត្រូវប៉ូលិសឃាត់ខ្លួន!

ប៉ៃលិនៈ យោងតាមការទទួលពាក្យបណ្តឹងរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ពីឈ្មោះ មាស ម៉ូរ៉ា ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជាម្ដាយជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៣និង១០នាទី ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៨ ពីបទឃាតកម្មគិតទុកជាមុន ទៅលើជនសង្ស័យឈ្មោះ ណាន់ វីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករបើកឡានឲ្យរោងចក្រទឹកកក បី អេស រស់នៅភូមិអូរតាប្រាង្គ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បានបើកឡានទឹកកក់ ដេញបុកជនរងគ្រោះ កំពុងជិះម៉ូតូមានគ្នា២នាក់ នៅចំណុចផ្លូវលំក្រវ៉ាត់ព្រំដែន (ផ្លូវអូរឈើក្រំ ) លុះដល់ចំណុចកើតហេតុជនសង្ស័យបានបុកម៉ូតូជនរងគ្រោះ ពីក្រោយ បណ្តាលអោយជនរងគ្រោះទាំង២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងនិងកើតហេតុ រួចជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋថែម១ខ្នងទៀត។

ជនរងគ្រោះទី១ ឈ្មោះ ជួន ផាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មន្ត្រីនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨២១ បើកម៉ូតូម៉ាក KTM Duke ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FK-4199 បានស្លាប់បាត់បង់ជីវិត។ ជនរងគ្រោះទី២ ឈ្មោះ សាន វាសនា ភេទ ស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នករួមបានស្លាប់បាត់បង់ជីវិត។

ក្នុងករណីខាងលើនេះ ក្រោយពីធ្វើការស្រាវជ្រាវ និងសើបអង្កេតរបស់ការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ ជនសង្ស័យបានសារភាពថាពិតជាប៉ុនប៉ងសម្លាប់ជនរងគ្រោះទាំង២នាក់ពិតប្រាកមែន ដោយសារតែការប្រចណ្ឌ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់