ព័ត៌មានសុខភាព

មធ្យោបាយដ៏ល្អបំផុត ដើម្បីបង្ការជំងឺមហារីកសុដន់

មហារីកសុដន់ គឺជាជំងឺដ៏កាចសាហាវមួយប្រភេទ ស្ថិតនៅក្នុងចំណោមជំងឺមហារីកទាំងអស់ ដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោ។ ជំងឺនេះ អាចព្យាបាលទាន់ពេលវេលាប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូង តែប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរវិញនោះ អាចគ្រោះថ្នាក់ដល់ជីវិត។

ដូច្នេះ ដើម្បីបង្ការហានិភ័យនៃជំងឺមហារីកសុដន់ អ្នកគួរតែព្យាយាមអនុវត្តវិធីដូចខាងក្រោម៖

ធ្វើការពិនិត្យឲ្យទៀងទាត់ ចំពោះអ្នកមានប្រវត្តិគ្រួសារ
នៅពេលដែលនិយាយអំពីជំងឺមហារីកសុដន់ អ្នកគួរតែមានការប្រុងប្រយ័ត្នចំពោះប្រវត្តិគ្រួសារ។ ប្រសិនបើអ្នកជំនាន់មុននៃក្រុមគ្រួសាររបស់អ្នក ធ្លាប់កើតជំងឺមហារីកសុដន់ នោះអ្នកក៏ប្រឈមនឹងជំងឺនេះខ្ពស់ផងដែរ។ ដូច្នេះ អ្នកត្រូវចាត់វិធានការ ឬឧស្សាហ៍ពិនិត្យរកមើលជំងឺមហារីកសុដន់ឲ្យបានទៀងទាត់។

ធ្វើលំហាត់ប្រាណរាល់ថ្ងៃ
ដូចដែលយើងបានដឹងហើយថា ការធ្វើលំហាត់ប្រាណបានទៀងទាត់ គឺជាគន្លឹះក្នុងការបង្ការជំងឺមួយចំនួន រួមទាំងមហារីកសុដន់ផងដែរ។ ការធ្វើលំហាត់ប្រាណទៀងទាត់ ជាពិសេសក្រោយអាយុ ៤០ឆ្នាំ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកដល់ទៅ ៣៤ភាគរយ។

កាត់បន្ថយការព្យាបាលដោយអ័រម៉ូន
អំឡុងពេលអស់រដូវ ស្ត្រីជាច្រើនជ្រើសរើសយកការព្យាបាលជំនួសអ័រម៉ូន ក្នុងនោះអ័រម៉ូន estrogen ត្រូវបានគេយកទៅធ្វើជាថ្នាំដើម្បីជួយកាត់បន្ថយរោគសញ្ញានៃការអស់រដូវ និងបង្កើនគុណភាពជីវិតរបស់ពួកគេ។ ទោះជាយ៉ាងណា ការព្យាបាលជំនួសអ័រម៉ូន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺមហារីកសុដន់ ដូច្នេះវាត្រូវបានធ្វើដោយប្រុងប្រយ័ត្ន នៅពេលដែលចាំបាច់ប៉ុណ្ណោះ។

ត្រូវបំបៅកូនដោយទឹកដោះ
ម្តាយភាគច្រើនចង់បំបៅដោះកូនដោយទឹកដោះណាស់ ប៉ុន្តែដោយសារកាលៈទេសៈខុសគ្នា ទើបម្តាយមួយចំនួនមិនអាចបំបៅដោះកូនបានឡើយ។ តែការស្រាវជ្រាវមួយបានបង្ហាញថា ម្តាយដែលបានបំបៅដោយកូនដោយទឹកដោះ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកដល់ទៅ ១៩ភាគរយ ខណៈដែលអ្នកមិនបានបំបៅដោះកូនប្រឈមនឹងជំងឺមហារីកសុដន់ខ្ពស់ជាង។

ទទួលទានរបបអាហារដែលសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម
ការទទួលទានអាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា ផ្លែឈើ បន្លែបៃតង … មានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្ការការខូចខាតដោយសាររ៉ាឌីកាល់សេរី ដែលកើតឡើងនៅក្នុងរាងកាយ ដូច្នេះការដុំសាច់មហារីកសុដន់ត្រូវបានការពារ៕

ដកស្រង់ពី៖ soha

មតិយោបល់