ព័ត៌មានជាតិ

ធ្លាប់លង់ទឹក៣ដងមិនស្លាប់ លើកទី៤លង់ស្លាប់យ៉ាងអាណោចអាធ័ម!..

កណ្តាលៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ កល់ សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ(ស្លាប់)។ ឪពុកឈ្មោះ ក្រេង កល់ អាយុ៦២ឆ្នាំ មុខរបរ កម្មករសំណង់ និងម្តាយឈ្មោះ សាន ស្រី អាយុ៥២ឆ្នាំ មុខរបរ អ្នកអនាម័យ មានទីលំនៅភូមិឃុំកើតហេតុ។

នៅមុនពេលកើតហេតុ ជនរងគ្រោះមានជំងឺប្រចាំកាយ(ជំងឺតេតាណូស) ហើយកន្លងមកជនរងគ្រោះធ្លាប់លង់ទឹកចំនួន៣ដង រួចមកហើយតែបានគេជួយសង្គ្រោះទាន់ពេលវេលា។ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៣ខែឆ្នាំដដែល ជនរងគ្រោះបានដើរចេញពីផ្ទះ តែមិនដឹងចេញទៅណាទេ។ ដល់វេលាម៉ោងកើតហេតុ ឈ្មោះ ហាស់ កន បានចុះទៅងូតទឹកទន្លេតែម្នាក់ឯង នៅចំណុចកំពង់គោ ភូមិព្រែកដូនហែម ឃុំព្រែកអំពិល ពេលឈ្មោះ ហាស់ កន ចុះទៅក្នុងទឹកទន្លេជម្រៅប្រហែល ១,៨០ ម៉ែត្រ ស្រាប់តែជើងរបស់ខ្លួនប៉ះជាមួយ ជើងមនុស្ស ដោយគិតថាមានមនុស្សលង់ទឹក ហើយខ្លួនមុជទឹកចាប់ទាញជើងមនុស្សនោះស្រង់ឡើង ទើបស្គាល់ថាជាឈ្មោះ កល់ សម្បត្តិ នៅភូមិឃុំជាមួយគ្នា ប៉ុន្តែឈ្មោះ កល់ សម្បត្តិ បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ។ បន្ទាប់មកឈ្មោះ ហាស់ កន បានលើកសាកសពមកលើគោក និងមកតាមឈ្មោះ ក្រេង កល់ ជាឪពុករបស់ជនរងគ្រោះ មកមើល បន្ទាប់មកឈ្មោះ ក្រេង កល់ និងក្រុមគ្រួសារ បានយកសាកសពមកផ្ទះ ហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំពិល។

ក្រោយមកសមត្ថកិច្ចនគរបាលជំនាញសហការជាមួយ នគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានសភាព ពោះប៉ោង ហូរទឹកចេញតាមច្រមុះ និងតាមមាត់ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់