កណ្តាលៈ សមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ ឃាត់ខ្លួនបានមុខសញ្ញាបន្ថែមក្នុងករណីលួចមានស្ថានទម្ងន់(ឆក់ទូរសព្ទ) កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភ្លើងស្តុបតាលន់ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទា លីស័ង ភេទស្រី អាយុ២៤ឆ្នាំទីលំនៅភូមិកណ្តាលសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ លក់ខោអាវ ។
ចំណែកជនសង្ស័យឃាត់ខ្លួនជាក់ស្ដែងបាន២នាក់ គឺឈ្មោះ ណុប ភារ៉ា និងឈ្មោះ ហួច លាងហួរ ។ ចំណែកឯឈ្មោះ មឿង សុផៃ និងឈ្មោះ ចាន់ វណ្ណី(នី) បានគេចខ្លួនបាត់។ លុះដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនបានជនល្មើសម្នាក់ទៀតឈ្មោះ មឿង សុផៃ យកមកសាកសួរនៅអធិការដ្ឋាននគបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរ ។
តាមចម្លើយសារភាពរបស់ឈ្មោះមឿង សុផៃ បានឈានទៅឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀតឈ្មោះ អំ វណ្ណឌី ហៅម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំទីលំនៅ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ដែលបានលក់អាវុធឲ្យជនល្មើសឈ្មោះ មឿង សុផៃ យកទៅធ្វើសកម្មភាព និងទទួលទិញម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស ដែលក្រុមជនល្មើសឈ្មោះ មឿង សុផៃ ប្លន់បាននៅឃុំស្វាយរលំ ស្រុកស្អាង។ លុះមកដល់ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទីយប់ សមត្ថកិច្ច បានឃាត់ខ្លួនជនល្មើសម្នាក់ទៀតឈ្មោះ ចាន់ វណ្ណី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ មុខរបរមិនពិតប្រាកដ យកមកសាកសួរនៅអធិការដ្ឋាន។
តាមចម្លើយសារភាពរបស់ឈ្មោះ ចាន់ វណ្ណី បាននិយាយថាខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពឆក់ទូរសព្ទ ពីនារីម្នាក់ខាងលើប្រាកដមែន ហើយទូរសព្ទនោះខ្លួនបានយកទៅលក់បានលុយ៨០ដុល្លារចាយតែម្នាក់ឯងអស់ទៅ មិនបានចែកឲ្យបក្ខពួកខាងលើនោះទេ។ ចំណែករណី ភ្ជង់ប្លន់ម៉ូតូscoopy ពណ៌ស ស៊េរី២០១៨ នៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង បានចូលរួមធ្វើសកម្មភាពដែរដោយខ្លួនបានចំណែក២០០ដុល្លារ ក្រោយពីយកម៉ូតូប្លន់បាននោះទៅលក់៕
មតិយោបល់