កាលពីម្សិលមិញ ក្លិបបាល់ទាត់បឹងកេត បានធ្វើការបង្ហាញជូននិមិត្តសញ្ញាថ្មីរបស់ក្លិបដែលមានសណ្ឋានដូចរូបខាងក្រោម ហើយនិមិត្តសញ្ញាថ្មីនេះគ្រោងនឹងប្រើប្រាស់ជាផ្លូវការនៅរដូវកាលក្រោយ។
និមិត្តសញ្ញាថ្មីនេះត្រូវបានរចនាឡើងដោយផ្អែកលើលំនាំដើមនៃនិមិត្តសញ្ញាបច្ចុប្បន្នដែលក្លិបបាននិងកំពុងប្រើប្រាស់តាំងពីឡើងមកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគក្នុងឆ្នាំ២០១២មក ហើយច្នៃបន្ថែមដើម្បីឲ្យមានភាពទាន់សម័យនិងទំនើបភាពស្របទៅតាមយុគសម័យថ្មីនៃបាល់ទាត់។
ក្លិបបាល់ទាត់អាជីពនានានៅជុំវិញពិភពលោកបានធ្វើការកែសម្រួលនិមិត្តសញ្ញាពីមួយពេលទៅមួយពេលដើម្បីបង្កើនភាពស្រស់ស្អាតនិងទាន់សម័យ។ ក្លិបបឹងកេត តែងតែព្យាយាមគិតដើម្បីអភិវឌ្ឍឱ្យកាន់តែរីកចម្រើនឡើងហើយ នេះជាលើកដំបូងដែលម្ចាស់ពាន ៣រដូវកាលជាប់គ្នានេះ ធ្វើនិមិត្តសញ្ញាថ្មី ដែលកែប្រែយ៉ាងច្រើន។ នេះគ្រាន់តែជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ក្លិប នឹងធ្វើឲ្យអ្នកគាំទ្រជឿជាក់នឹងទទួលដំណឹងរំភើបរីករាយខ្លាំងជាងនេះច្រើនទៀតនៅពេលខាងមុខ។
និមិត្តសញ្ញាថ្មី របស់ក្លិបបឹងកេត នឹងត្រូវដាក់ប្រើប្រាស់នារដូវកាលថ្មី ២០១៩ ខណៈដែលបច្ចុប្បន្ន គិតត្រឹមសប្តាហ៍ទី១៥ ក្លិបដែលចេញពីខេត្តត្បូងឃ្មុំនេះ កំពុងតែឈរកំពូលតារាង ដោយមាន ៣៩ពិន្ទុ លើសក្រុមលេខ២ វិសាខា ៤ពិន្ទុ៕
មតិយោបល់