ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូអនុប្រធានក្រុមហ៊ុន សាលីដឹកជញ្ជូនអ្នកដំណើរ និងទទួលផលចោរកម្ម

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០០និង៥០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាល ខណ្ឌ៧មករា សហការមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តតាកែវ ឃាត់ខ្លួនសង្ស័យម្នាក់ នៅចំណុចភូមិ ពេជ្រសា ឃុំអង្គកាសារ ស្រុកគីរីវង្ស ខេត្តតាកែវ ករណីលួចម៉ូតូ និងទទួលផលចោរកម្ម កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងផ្ទះលេខ៤៧០Eo ផ្លូវ១២៨ ភូមិ១ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ចំណែកជនរងគ្រោះ ឈ្មោះ ឡី កូវខី ភេទប្រុស អាយុ២៨ ជនជាតិខ្មែរ មុខរបរ អនុប្រធានក្រុមហ៊ុន សាលីដឹកជញ្ជូនអ្នកដំណើរ មានទីលំនៅផ្ទះលេខ១៨C ផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ជនសង្ស័យឈ្មោះ អ៊ុង សុខលី ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្បាលដំរី ឃុំគោកព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ ។

វត្ថុតាង និងសម្ភារ:ចាប់យក៖ ម៉ូតូរបស់ជនរងគ្រោះ ចំនួន១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ, ម៉ូតូរបស់ជនសង្ស័យ ម៉ាក ZoomerX ពណ៌ទឹកក្រូច លាយពណ៌ស ពាក់ផ្លាកលេខតាកែវ 1L8778, ទូរសព្ទដៃចំនួន១គ្រឿង ម៉ាក VIVO ជារបស់ជនសង្ស័យ ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញតាមការស្នើសុំ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់