ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ ចោមចៅ៣ សហការជាមួយកម្លាំងជំនាញខណ្ឌ បានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមចោរ ដែលដើរវាយប្លន់យកម៉ូតូ តាមផ្លូវពេលយប់ចំនួន៥នាក់ ក្រោយក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីយុវជនមានគ្នា៣នាក់ បានសម្រេច រួចជិះគេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ច ប្រកាសតាមវិទ្យុទាក់ទង ក្រោយទទួលបណ្តឹងពីជនរងគ្រោះ និងតាមបញ្ជារបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ បានចេញដេញតាមភ្លាមៗ ឃាត់ខ្លួនបានជាបន្តបន្ទាប់។
ហេយុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខក្លិបស្ពាយឌ័រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះហ៊ុយ មករា ភេទប្រុស ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ខ ណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ម៉ូតូដែលក្រុមចោរវាយប្លន់ យកទៅនោះ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GC-2337 ។ ចំណែកម៉ូតូដែលជនសង្ស័យ និងបក្ខពួក ជិះធ្វើសកម្មភាពប្លន់កន្លងមក មាន២គ្រឿង មួយគ្រឿងម៉ាក ហុងដា សេ១១០ ប៊ិច ស៊េរី ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BM-7108 និងមួយគ្រឿងទៀត ម៉ាកហុងដា សេ១១០ ប៊ិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BH-4814 ។
ជនសង្ស័យទាំង៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមមាន៖ ទី១ ឈ្មោះ នុត សិត ហៅអាវែង ភេទប្រុស ជាបងធំ ប្រចាំក្រុម អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ពេលថ្ងៃ ពេលយប់ដើរប្លន់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានភូមិកំណើតភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពងរោទ៍ ខេត្តស្វាយរៀង ទី២ ឈ្មោះ សៀម វណ្ណរី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិគៀនតាសៀវ ឃុំស្វាយយ៉ា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទី៣ ឈ្មោះ សៀម វណ្ណរ៉ា ហៅឆាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ធ្វើចោរ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតគៀនតាសៀវ ឃុំស្វាយយ៉ា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទី៤ ឈ្មោះ ម៉ៅ ថែល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ទើបចូលរួមជាសមាជិកក្រុមខាងលើ មានស្រុកកំណើត ភូមិ ចំការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងទី៥ ឈ្មោះ លៀប អ៊ីសា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សមាជិកក្រុមប្លន់ ស្នាក់នៅផ្ទះឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិព្រៃលាន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
តាមសម្តីពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូពីរគ្រឿង រួមជាមួយមិត្តភក្ដិ មានគ្នា៣នាក់ មកពីភូមិព្រៃស សង្កាត់ព្រៃ ខណ្ឌដង្កោ ក្នុងគោលបំណងវិលទៅផ្ទះ ផ្លូវវេងស្រេង មុខក្លឹបស្ពាយឌ័រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ លុះធ្វើដំណើរមកដល់ចំណុចស្ពានថ្ម ខាងជើងក្បែរផ្សារទួលពង្រ ស្រាប់តែលេចមុខ ជនសង្ស័យមានគ្នា ៥នាក់ បានជិះម៉ូតូសេ១១០ ប៊ិច ចំនួន២គ្រឿង មកគំរាមវាយ ធ្វើឲ្យភ័យនាំគ្នា បើកម៉ូតូរត់ រហូតដល់មុខក្លឹបស្ពាយឌ័រ ក្បែរផ្ទះ ស្រែកឲ្យគេឯងជួយ តែគ្មានលទ្ធផល ត្រូវបានក្រុមចោរ ទាំង៥នាក់ ប្រដាប់ដោយដុំថ្ម ខ្សែក្រវ៉ាត់ វាយបណ្តាលឲ្យបែកក្បាល ហើយយកម៉ូតូជិះគេចខ្លួន តាមផ្លូវវេងស្រេង ឆ្ពោះទៅកើតចំនួន២គ្រឿង ក្នុងនោះម៉ូតូជនរងគ្រោះ១គ្រឿង និងម៉ូតូជនល្មើសមួយគ្រឿង ចំណែកម៉ូតូ ជនល្មើសមួយគ្រឿងទៀត សេ១១០ ពណ៌ខៀវ ដែលស្គាល់ច្បាស់ជាងគេ បើកគេចតាមផ្លូវវេងស្រេង ឆ្ពោះទៅលិច ។
ក្រោយកើតហេតុភ្លាម ជនរងគ្រោះរត់ទៅប្តឹងនៅប៉ុស្តិ៍ប៉ូលិសចោមចៅ១ ភ្លាមៗ ដែលនៅក្បែរនោះ ទើបកម្លាំងសមត្ថកិច្ច ស្រែកប្រកាសតាមប្រព័ន្ធវិទ្យុទាក់ទង ដើម្បីឲ្យកម្លាំង ដែលប្រចាំការតាមគោលដៅតាមប៉ុស្តិ៍ ប្រដេញ និងចេញស្វែងរក ភិនភាគជនសង្ស័យ រួមនិងម៉ូតូខាងលើ ទីបំផុត កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ក៏ប្រទះជួបជនសង្ស័យ ជិះម៉ូតូ ភិនភាគប្រកាសខាងលើ តាមផ្លូវសហព័ន្ធរុស្សី មុខវត្តទួលសុភាឃួន ភូមិព្រៃជីសាក់ ទើបចាប់ខ្លួនបាន២នាក់ នាំទៅសាកសួរនៅផ្នែកជំនាញ ហើយនាំបន្តទៅតាមឃាត់ បក្ខពួកចោរប្លន់ បានជាបន្តបន្ទាប់៣នាក់ទៀត នៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ សរុបចាប់បាន៥នាក់ និងម៉ូតូ២គ្រឿង ។
ក្រោយពេលកើតហេតុ ជនសង្ស័យឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញផ្នែកព្រហ្មទណ្ឌ ចាត់ការតាមនីតិវិធី ៕






មតិយោបល់