Post News Media ព័ត៌មានជាតិ កង់បីបត់មិនប្...

កង់បីបត់មិនប្រយ័ត្នអកសឺនឹងរថយន្ត ចាប់ហ្រ្វាំងក្រឡាប់រងរបួសធ្ងន់ម្នាក់!

ភ្នំពេញ: ម៉ូតូកង់បីបើកបត់ក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន អកសឺជាមួយរថយន្តនៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យក្រឡាប់គាបជាប់នារីម្នាក់នៅក្រោមកង់បីបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១០៦ កែងផ្លូវលេខ៥១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីមួយគ្រឿង ដឹកនារីម្នាក់ជាភ្ញៀវបើកតាមបណ្តោយផ្លូវ ១០៦ ទិសដៅពីលិច មកកើតស្រាប់តែបើកលឿនពេកដល់ផ្លូវបែកជាបួនវាក់អឺរថយន្តដឹកឥដ្ឋបើកចេញពីផ្លូវ៥១ទិសដៅពីជើងមកត្បូងក៏ម៉ូតូកង់បីនោះចាប់ហ្រ្វាំងបោកបណ្តាលឲ្យក្រឡាប់កង់បីសង្កត់លើនារីម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរស្មីដើម្បីសង្គ្រោះបន្ទាន់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុវាស់វែងនិងឃាត់រថយន្តដឹកឥដ្ឋនិងម៉ូតូកង់បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕