ព័ត៌មានសុខភាព

មិននឹកស្មានថា គ្រាប់ល្ពៅមានប្រយោជន៍សម្រាប់សុខភាពស្បែកខ្លាំងយ៉ាងនេះសោះ!

តើអ្នកដឹងថាគ្រាប់ល្ពៅមានអត្ថប្រយោជន៍សម្រាប់ស្បែកដែរឬទេ? នៅពេលដែលត្រូវការយកផ្លែល្ពៅធ្វើជាអាហារ មនុស្សភាគច្រើនតែងតែបោះចោលគ្រាប់របស់វា ព្រោះយល់ថា ក្រៅពីធ្វើជាគ្រាប់ពូជ ឬទុកលីងញ៉ាំលេង មិនដឹងត្រូវធ្វើអ្វីបានទៀតនោះទេ។ ក៏ប៉ុន្តែ វានៅមិនទាន់អស់តម្លៃដូចអ្វីដែលអ្នករាល់គ្នាបានគិតនោះឡើយ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា គ្រាប់ល្ពៅនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាស្បែក។

លើកកម្ពស់ការផលិតស្រទាប់កូឡាជែន
ការផលិតស្រឡាប់កូឡាជែន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចជួយការពារភាពជ្រីវជ្រួញនៅលើស្បែក និងកាត់បន្ថយភាពចាស់។ ហេតុនេះ ប្រសិនបើអ្នកចង់ឲ្យស្បែកស្អាត មានសម្រស់ក្មេងជាងវ័យ និងមានសុខភាពល្អ គួរបន្ថែមគ្រាប់ល្ពៅទៅក្នុងរបបអាហារជាប្រចាំ។

ជួយរក្សាស្បែកឲ្យស្រស់ថ្លា
វីតាមីន E នៅក្នុងគ្រាប់ល្ពៅ មានសមត្ថភាពពិសេសក្នុងការកាត់បន្ថយភាពខ្មៅស្រអាប់ និងថែរក្សាស្បែកឲ្យមានពណ៌សម្បុរភ្លឺថ្លា។ មូលហេតុនេះហើយ ដែលគេប្រើគ្រាប់ល្ពៅ សម្រាប់ធ្វើជាធាតុផ្សំថែរក្សាស្បែក។

ធ្វើឲ្យអ្នកមានសម្រស់ក្មេងជាងវ័យ
ស័ង្កសី គឺជាសារធាតរ៉ែដ៏សំខាន់ ដែលមានសមត្ថភាពក្នុងការរក្សាស្បែកឲ្យមានភាពបត់បែន ជួយរឹតបន្តឹងមិនឲ្យធ្លាក់យារ និងធ្វើឲ្យស្បែកមានសភាពក្មេងជាងវ័យ។

បំបាត់ស្លាកស្នាម និងស្នាមជាំ
គ្រាប់ល្ពៅមានផ្ទុកសារធាតុសំខាន់មួយទៀត គឺ អង់អុកស៊ីដង់ ដែលត្រូវបានគេចាត់ទុកជាសមាសធាតុដ៏ល្អសម្រាប់កម្ចាត់ស្បែកដែលមានស្លាកស្នាម និងស្នាមជាំ។ ហេតុនេះហើយ ទើបគ្រាប់ល្ពៅត្រូវបានគេប្រើប្រាស់ជាញឹកញាប់សម្រាប់ព្យាបាលបញ្ហាស្បែក៕

ដកស្រង់ពី៖ boldsky

មតិយោបល់