ព័ត៌មានជាតិ

រថយន្តពីរគ្រឿងឈប់ស្តុប ត្រូវរថយន្តសាលាអន្តរជាតិស្មាតឆាយដ៏ បុកពីក្រោយរងការខូចខាតទាំងបីគ្រឿង

ភ្នំពេញ: រថយន្តរបស់សាលាអន្តរជាតិស្មាតឆាយដ៏ ជាន់ហ្វ្រាងមិនស៊ីជ្រុល ទៅបុករថយន្តលុចស៊ីសពេញទំហឹង និងរុលទៅបុកតថយន្តស៊ីអាវី រងការខូចខាតទាំងបីគ្រឿង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ កែងផ្លូវសាលាដែក ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

រថយន្តបង្ករបស់សាសាអន្តរជាតិស្មាតឆាយដ៏ ពណ៌សលាយខៀវ ពាក់ស្លាកលេខ សៀមរាប 3A-0784 បើកដោយឈ្មោះ លី​ ឡុង ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

​ចំណែករថយន្តរងគ្រោះទី១ ម៉ាកលុចស៊ីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-6797 បើកដោយឈ្មោះ ដួង​ សុវណ្ណ ភេទប្រុស អាយុ៦៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ៩ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងរថយន្តរងគ្រោះទី២ ម៉ាកស៊ីអាវី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-5685 បើកដោយឈ្មោះកាម​ លាងវិទ្យា ភេទប្រុស អាយុ៣០ ឆ្នាំ ស្នាក់នៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ប្រភពព័ត៌ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាកស៊ីអាវី និងរថយន្តលុចស៊ីសRXខាងលើ បានឈប់ស្តុបបន្តបន្ទាប់គ្នា ភ្លាមៗនោះស្រាប់តែមានរថយន្តមួយគ្រឿង របស់សាលអន្តរជាតិស្មាតឆាយដ៏ បើកតាមផ្លូវជាតិលេខ៥ ទិសដៅស្របគ្នា ជាន់ហ្វ្រាងមិនស៊ី ក៏ជ្រុលទៅបុករថយន្តលុចស៊ីស RX330 ពីក្រោយពេញទំហឹង ក៏រុលទៅបុកបន្តរថយន្តស៊ីអាវី ដែលឈប់ស្តុបនៅខាងមុខ រងការខូចខាតទាំងបីគ្រឿង។

ក្រោយពេលកើតហេតុភាគី ពាក់ព័ន្ធទាំងបីបានសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែង ដោយភាគីលុចស៊ីសRX330 ទទួលបានសំណង ៧០០ដុល្លារ ហើយរថយន្តស៊ីអាវី ទទួលបានសំណង១៥០ដុល្លារ ពីភាគីរថយន្តបង្ករបស់សាលាអន្តរជាតិស្មាតឆាយដ៏៕

មតិយោបល់