ព័ត៌មានជាតិ

គេចមិនផុតពីសំណាញ់ច្បាប់ ចុងក្រោយក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន២ ខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ពាក់ពន្ធ័នឹងករណីប៉ុនប៉ងលួច និងរត់គេចពីការឃុំខ្លួន។

ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង១ និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

ជនសង្ស័យឈ្មោះ ជូ លីន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ (មានផ្ទុកសារធាតុញៀនក្នុងទឹកនោម)។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង២ និង៤៥នាទី យប់ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន២ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ ជូ លីន និងឈ្មោះ វ៉េង មាស សំណាង ពីបទប៉ុនប៉ងលួច យកទ្រព្យសម្បត្តិ ហើយក៏ឃាត់ខ្លួនទាំង២នាក់យកមកសាកសួរនៅប៉ុស្តិ៍ រួចក៏ដោះលែងពួកគេវិញ។

លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤ ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពឆ្កឹះសោទ្វារបន្ទប់ ក៏សមត្ថកិច្ចដេញចាប់បានម្នាក់ ឈ្មោះ វ៉េវ មាសសំណាង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឈ្មោះ ជូ លីន បានរត់គេចខ្លួន។

រហូត់មកដល់វេលាម៉ោង១ និង ៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ទើបនគរបាលប៉ុស្តិ៍បឹងទំពុន២ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជូ លីន បានតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់