ព័ត៌មានជាតិ

អាជា្ញធចុះផ្អាកអាជីវកម្ម ក្រុមហ៊ុន តាយ សេង ក្រោយពីបូមទឹកបឹងធម្មជាតិលក់

រតនគិរីៈ បឹងកំសាន្ត គឺបឹងមួយកន្លែងដែលកាលពីមុនប្រជាពលរដ្ឋនៅក្រុងបានលុងទាំងមូលធ្លាប់ងូតទឹកលេង និងលាងម៉ូតូជារៀងរាល់ថ្ងៃ ប៉ុន្តែក្នុងអំឡុងប្រមាណពីរឆ្នាំចុងក្រោយនេះ ចាប់ពីដើមឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយអាកាសធាតុឡើងកម្តៅ​នាឆ្នាំនេះ និងក្រុមហ៊ុនទឹកស្អាតរបស់ក្រុមហ៊ុនតាយសេងសម្រុកបូមខ្លាំងពេក ដើម្បីយកមកចែកចាយធ្វើអាជីវកម្មជូនប្រជាពលរដ្ឋឲ្យប្រើប្រាស់ក្នុងក្រុងផង បច្ចុប្បន្នទឹកបឹងត្រូវបានរីងអាចចាប់ត្រីបាន។

​នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ រដ្ឋបាលជនផលខេត្តរតនគិរីបានចុះទៅហាមឃាត់ឲ្យក្រុមហ៊ុនទឹកស្អាតរបស់ក្រុហ៊ុនតាយសេងផ្អាកការបូមទឹកចេញពីបឹងនេះ ដោយតម្រូវឲ្យក្រុមហ៊ុនរកប្រភពទឹកកន្លែងផ្សេងវិញ ព្រោះបឹងកំសាន្តនេះ ជាកន្លែងធ្លាប់លែងត្រីមេពូជ ហើយក៏ជាកន្លែងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងក្រុង លោក ប៊ន ធារង្ស មន្ត្រីរដ្ឋបាលជលផលបានបញ្ជាក់ថា បឹងកំសាន្តនេះ រាល់ឆ្នាំមិនដែលរីងនោះទេ ឆ្នាំនេះជារដូវប្រាំងមិនទាន់មានភ្លៀងធ្លាក់ ដោយឡែកក្រុមហ៊ុនលីហុងស៊ីនចូលទៅបូមទឹកនេះ ដើម្បីយកទៅប្រើប្រាស់នៅក្នុងខេត្ត លោកនឹងឲ្យបញ្ឈប់ការបូមទឹកនេះជាបន្ទាន់។

​នាយកក្រុមហ៊ុនតាយសេង លោកឧកញ៉ា លី ហុងស៊ីន បានឲ្យដឹងថា បញ្ហានេះ លោកទើបតែដឹងក្នុងរយៈពេល១ម៉ោងមុននេះបន្តិចទេ ដោយលោក​អភិបាលខេត្តបានទូរស័ព្ទឲ្យលោកផ្អាកការបូមទឹកចេញពីបឹងកំសាន្តហើយឲ្យបូមចេញពីបឹងកន្សែងវិញ ប៉ុន្តែលោកថា បើកសិនផ្អាកបូមពេលនេះ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹកស្អាតក្នុងក្រុងបានលុងគ្មានទឹកប្រើប្រាស់នោះទេ ហើយក្នុងពេលខាងមុខនេះ លោករកកន្លែងជីកស្រះដោយខ្លួនឯងដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។

​ទាក់ទិននិងករណីនេះ លោក​ ប៊ូ ឡាំ តំណាងរាស្ត្រខេត្តរតនគិរីបានឲ្យដឹងតាមទូរស័ព្ទនៅរសៀលនេះថា បឹងកំសាន្តនេះ កាលពីមុនមានប្រភពទឹកស្អាតល្អណាស់សម្រាប់បងប្អូនជនជាតិភាគតិចរបស់ពួកគាត់ប្រើប្រាស់រហូតមកហើយ លោក​ធ្លាប់បានលែងត្រីមេពូជរាប់ពាន់ក្បាលផងដែរ។

​ប៉ុន្តែ បច្ចុប្បន្ន មានគេសាងសង់ភោជនីយដ្ឋានលើបឹងនោះ ថែមទាំងឲ្យគេបូមទឹកយកធ្វើអាជីវកម្មផ្ទាល់ខ្លួនទៅវិញ លោក​បន្តថា ឆ្ងល់ណាស់ហេតុអ្វីជំនាញពាក់ព័ន្ធមើលមិនឃើញ ឲ្យគេយកបឹងធម្មជាតិរបស់រដ្ឋនេះ ធ្វើជាមុខរបរតាមចិត្តអញ្ចឹង៕

មតិយោបល់