ព័ត៌មានជាតិ

លោកតាជរា ដង្ហោយរកជំនួយសប្បុរជន ខណៈមានកូនសតិមិនគ្រប់ និងចៅក្នុងបន្ទុក

ស្វាយរៀងៈ គួរឲ្យសង្វេគជាពន់ពេក ដោយសារលោកតាជរាម្នាក់ វ័យ៧១ឆ្នាំទៅហើយ ត្រូវទទួលបន្ទុកចិញ្ចឹមកូនស្រីមានសតិមិនគ្រប់ ដូចជាមនុស្សម្នានិងគេ ថែមទាំងមានចៅម្នាក់ទៀតត្រូវមើលថែជារៀងរាល់ថ្ងៃ ព្រោះតែកូនចៅដទៃ ចាកចេញទៅដោយមិនអាឡោះអាល័យឪពុកបន្តិចណាឡើយ។

តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន​បានឲ្យដឹងថា មានរឿងរ៉ាវគួឲ្យភ្ញាក់ផ្អើលមួយ ដោយសារមានស្ត្រីម្នាក់ប្រើប្រាស់ថ្នាំញៀនហួសកម្រិតដែលត្រូវជាកូនស្រីរបស់លោកតា ឈ្មោះ ឃួន យ៉េត ក្លាយទៅជាមនុស្សឆ្កួត ហើយត្រូវដាក់ច្រវ៉ាក់ជើង ស្ថិតនៅភូមិខ្នុរខាងជើងឃុំស្វាយអង្គ ស្រុកស្វាយជ្រំ កាលព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

តាមប្រភពពីពលរដ្ឋនៅឃុំស្វាយអង្គបានប្រាប់ឲ្យដឹងថា ស្ត្រីដែលប្រើប្រាស់ថ្នាំញៀនហើយក្លាយទៅជាមនុស្សឆ្កួតនេះ មានឈ្មោះ ឃួន ស៊ីនឿន អាយុប្រមាណជាង២០ឆ្នាំ។ គ្រួសារនេះ មានឪពុកចាស់ជរាម្នាក់ ឈ្មោះ ឃួន យ៉េត អាយុ៧១ឆ្នាំ ប្រពន្ធស្លាប់កាលពី៣ឆ្នាំមុន មានកូន៧នាក់ បានរៀបការចេញទៅរស់នៅឆ្ងាយអស់ ដោយទុកឲ្យតា យ៉េត មើលថែរក្សាកូនស្រីឆ្កួត និងចៅប្រុសម្នាក់ដែលជាកូនរបស់ស្រ្តីឆ្កួតនោះ។

ពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា នាង ឃួន ស៊ីនឿន ជារៀងរាល់ថ្ងៃដេកផ្ទាល់ដី សក់ក្បាលកន្ទ្រើង មិនដែលងូតទឹក ការហូបចុកក៏ពិបាក ព្រោះស្ត្រីនេះកាចណាស់ បើប្រលែងឲ្យដើរ និងទាញប្រនុង កាំបិតដេញវាយគេ ទើបសម្រេចចិត្តចាប់ដាក់ច្រវ៉ាក់បែបនេះទៅ។

ពលរដ្នបានបន្តទៀតថា នាងធ្លាក់ខ្លួនបែបនេះ ដោយសារទៅរកស៊ីនៅឯទីក្រុងឆ្ងាយពីផ្ទះ ចោលឪពុកម្តាយចាស់ៗ ពេលត្រលប់មកស្រុកកំណើតវិញ ស្រាប់តែនាំមកនូវសារធាតុញៀនមកជាមួយ និងកូនប្រុសម្នាក់ ធ្វើឲ្យឪពុកកាន់តែពិបាកណាស់ មួយខ្លួនចាស់ជរា ណាមួយត្រូវមើលចៅ នឹងមើលកូនឆ្កួតទៀត ទុក្ខប៉ុនភ្នំធ្លាក់លើគាត់ជាឪពុកទូលរែកយ៉ាងលំបាកវេទនារកទីបំផុតគ្មាន។

លោក តា ឃួនយ៉េត ដែលកាន់តែជរាទៅហើយនោះ សូមធ្វើការអំពាវនាវរកសប្បុរសជន ជួយដល់អ្នកក្រីក្រ គ្មានទីពឹង ហើយគ្រួសារ តា យ៉េត កំពុងជួបនូវទុក្ខលំបាកខ្លាំងណាស់ ទាំងជីវភាពរកព្រឹកខ្វះល្ងាច ហើយត្រូវមើលថែចៅ និងកូនឆ្កួតទៀត។ លោក តា យ៉េត ក៏បានអំពាវនាវដល់បណ្តាអង្គការដែលទទួលយកជនបន្សាបគ្រឿងញៀន សូមជួយយកកូនស្រីគាត់ទៅមណ្ឌលអប់រំកែប្រែផង៕

មតិយោបល់