ភ្នំពេញៈ បុរសម្នាក់ជាប្ដីបានស្លាប់ភ្លាមៗនៅនិងកន្លែង រីឯប្រពន្ធបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ហើយត្រូវបានបុរសជនជាតិចិន២នាក់ បើករថយន្តឡិចស៊ីស RX330មិនប្រយ័ត្ន ជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះខាងលើមានឈ្មោះ អឹម សុធី (ត្រូវជាប្ដី) ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាគ្រូបង្រៀន នៅសាលាបឹងកេងកង។ ចំណែកឯប្រពន្ធជនរងគ្រោះមានឈ្មោះ សុ ធារី ភេទស្រី ជនជាតិខ្មែរ អាយុប្រហែល៤០ជាង មុខរបរធ្វើ ពេទ្យនៅមន្ទីរពេទ្យរុស្ស៊ី ។ អ្នកទាំងពីររស់នៅ ជិតផ្សារព្រែកឯង ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះប្រុស ស្រី២នាក់ដែលគេស្គាល់ជាប្ដីប្រពន្ធ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងឌ្រីម ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GI- 9171 បានឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-6955 ដែលអ្នកបើកបរ និងរួមដំណើរដោយជនជាតិចិន២នាក់ បានធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយមិនប្រយ័ត្នផងនោះ រថយន្តឡិចស៊ីស ក៏បុកជាមួយម៉ូតូរងគ្រោះ បណ្ដាលឲ្យបុរសម្នាក់ជាប្ដីផ្លោងលើរថយន្តបោកផ្ទុបនឹងកញ្ចក់រថយន្តហើយក៏ធ្លាក់បោកនឹងថ្នល់បណ្តាលឲ្យបែកមុខបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ រីឯប្រពន្ធ បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅដល់មន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះ ដោយម៉ូតូនិងសពរងគ្រោះខ្ទាតប្រហែល១០ម៉ែត្រ។ ដោយឡែករថយន្តនិងម៉ូតូ បានរងការខូចខាតយ៉ាងដំណំ និងមានប្រជាពលរដ្ឋឃាត់ខ្លួនអ្នកបើកបរ រួមទាំងអ្នកដំណើរ ប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងសហការគ្នា ធ្វើការវាស់វែងយករថយន្ត និងម៉ូតូ រួមទាំងអ្នកបើកបរ ទៅកាន់នៅការិយាល័យ នៃស្នងការដ្ឋាន នគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពត្រូវបាន សមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅវត្ត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
https://www.youtube.com/watch?v=0R7pMWamwQs
មតិយោបល់