ព័ត៌មានជាតិ

ព្រោះដណ្ដើមកន្លែងគ្នាដាក់មង សំឡាញ់ពីរនាក់ កាប់ប្រហារគ្នាគ្មានអាសូរ

ស្វាយរៀងៈ មានសំឡាញ់ពីរនាក់ បានដណ្តើមកន្លែងគ្នាដាក់មងយកត្រី បង្កក្លាយជាជម្លោះទាស់សម្តីគ្នាយ៉ាងតឹងសរសៃក រហូតទាញកាំបិតកាប់ប្រហារគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងម្នាក់ត្រូវចូលគុក។ ហេតុការណ៍ក្លើវាយក្លើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិតាស្អាង ឃុំចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ឈ្មោះ ណេវ ម៉ាឡាត់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រីឯជនរងគ្រោះវិញ គឺជាសំឡាញ់នឹងគ្នា។ នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនដៃដល់បានទៅដាក់មងនៅព្រែក ដែលមានចម្ងាយឆ្ងាយពីផ្ទះប្រមាណ១គីឡូម៉ែត្រ។ ខណៈទៅដល់ព្រែកមានការប្រកែកគ្នា ដោយសារដណ្តើមកន្លែងដាក់មងយកត្រី ដោយម្នាក់ៗអះអាងថា ជាកន្លែងរបស់ខ្លួនធ្លាប់ដាក់មងកន្លងមក ទើបនិយាយគ្នាលែងស្តាប់ ស្រាប់តែជនសង្ស័យទាញបានកាំបិតកាប់ទៅលើជនរងគ្រោះ ត្រូវជាក្លើបណ្តាលរងរបួសធ្ងន់តែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯជនសង្ស័យ ត្រូវសមត្ថកិច្ចចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់