ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់កសិកម្មចុះពិនិត្យកន្លែងពិសោធន៍ចិញ្ចឹមគោទឹកដោះ និងគោសាច់នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ភ្នំពេញៈ បន្ទាប់ពីបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលស្រាវជ្រាវដំឡូងបារាំង និងបើកសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍បច្ចេកវិទ្យា ជាលិកាវប្បកម្មនិងផលិតកម្មដំឡូងបារាំងនៅកម្ពុជាដែលបានធ្វើនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន ក៏បានអញ្ជើញចុះទៅពិនិត្យទីពិសោធន៍ចិញ្ចឹមគោទឹកដោះ និងគោសាច់ ដែលគ្រោងនឹងពង្រីកការចិញ្ចឹមដល់កសិករខ្មែរនាពេលអនាគត។

ក្នុងពេលចុះពិនិត្យនោះ លោករដ្ឋមន្រ្តីក៏បានស្វែងយល់ និងស្តាប់ការអត្ថាធិប្បាយរបស់លោកសាស្រ្តាចារ្យ និងអ្នកជំនាញផ្នែកបសុសត្វ ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវការចិញ្ចឹមគោទឹកដោះនៅក្នុងប្រទេសកម្ពុជាថា បើទោះជាមានឧបសគ្គខ្លះក៏ដោយ តែមន្ទីរពិសោធន៍បានរកឃើញរូបមន្តថ្មីៗបន្ថែម ដែលអាចបន្សាំការរស់នៅរបស់គោទឹកដោះ និងគោសាច់នេះ ជាមួយអាកាសធាតុនៅក្នុងប្រទេសកម្ពុជាបាន។

លោក ផេង វុត្ថា ជាគ្រូផ្នែកវិជ្ជសាស្រ្តសត្វ និងជាអ្នកសិក្សាស្រាវជ្រាវគម្រោងការចិញ្ចឹមគោទឹកដោះ បានឱ្យដឹងថា “ដើម្បីឲ្យការពង្រីកការចិញ្ចឹមគោទឹកដោះនៅកម្ពុជាបាន ទាល់តែយើងសិក្សាពីភាពធន់ទ្រាំ របស់សត្វគោទៅនិងអាកាសធាតុជាមុនសិន វាអាចរស់នៅបានទេ វាត្រូវការអី រយៈពេលយូរឬខ្លី វាមានសុខភាពល្អ អាចផ្តល់ទឹកដោះឲ្យបានល្អ ច្រើនទេ គឺត្រូវសិក្សាស្រាវជ្រាវលម្អិតទាក់ទិននិងបញ្ហានេះសិន”

លោកបន្តថា ក្រោយការសិក្សាស្រាវជ្រាវប៉ុន្មានឆ្នាំមកនេះ យើងឃើញថា ស្រុកខ្មែរអាចពង្រីកការចិញ្ចឹមគោទឹកដោះបាន ដោយគ្រាន់តែស្វែងរកកាត់បង្កាត់ពូជ (យានរបស់វា) ជាមួយនិងគោក្នុងស្រុក ធ្វើឲ្យវាអាចរស់នៅបានដោយមិនមានជំងឺ អាចបញ្ចេញទឹកដោះបានល្អ និងទាមទាឱ្យមានការថែទាំឱ្យបានល្អ វាអាចនឹងមានជំងឺខ្លះ ដែលត្រូវឱ្យមានការចេះដឹង និងទាក់ទងទៅនិងតម្រូវការផ្នែកពេទ្យសត្វ ហើយទៅខាងមុខត្រូវរកពូជគោទឹកដោះដែលមិនសូវចាញ់ជំងឺ ធន់ជាងនេះ អាចផ្តល់ទឹកដោះបានល្អជាងនេះ ។

សូមបញ្ជាក់ថា នៅក្នុងកសិដ្ឋានចិញ្ចឹមគោទឹកដោះរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានគោទឹកដោះចំនួន១០ក្បាល អាចទាញយកទឹកដោះបានប្រមាណ២០លីត្រក្នុងមួយថ្ងៃ គោសាច់ចំនួន១១ក្បាល មានមាន់ ទា មានជ្រូក និងសត្វមួយចំនួនទៀត ដែលគេចិញ្ចឹមសម្រាប់ធ្វើការពិសោធន៍ និងស្វែងរកតម្រូវការនៃការរស់នៅរបស់វាស្របតាមបរិយាកាស អាកាសធាតុ ក៏ដូចជាចំណីអាហារ ដែលអាចឈានទៅពង្រីការការចិញ្ចឹម ជូនដល់ប្រជាកសិករនៅទូទាំងប្រទេសបាននាពេលអនាគត។

ជាមួយគ្នានោះដែរ លោក វេង សាខុន និងគណៈប្រតិភូក៏បានភ្លក់ទឹកដោះគោ ដែលបានមកពីទឹកដោះគោពិសោធន៍ទាំងនោះយ៉ាងឆ្ងាញ់ពិសារផងដែរ៕

photo_2016-09-20_15-42-12photo_2016-09-20_15-41-52photo_2016-09-20_15-41-54photo_2016-09-20_15-41-58photo_2016-09-20_15-42-00photo_2016-09-20_15-42-02photo_2016-09-20_15-42-04photo_2016-09-20_15-42-07photo_2016-09-20_15-42-09

មតិយោបល់