ព័ត៌មានជាតិ

ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងប្លន់

ភ្នំពេញៈ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខបក្ខពួកជនសង្ស័យ វ័យក្មេងចំនួន៥នាក់ និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធករណី ឆក់កាបូប និងវាយប្លន់ នៅរាជធានីភ្នំពេញ ។ ការបង្ហាញមុខជាសាធារណៈនេះ បានធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញ បន្ទាប់ពីចាប់ខ្លួនពួកគេ បានជាបន្តបន្ទាប់កាលពីពេលកន្លងមកថ្មីៗនេះ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ រួមមានទី១.ឈ្មោះ សុធាសផានិតភេទប្រុស អាយុ២០ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានធ្វើសកម្មភាពឆក់កាបូបចំនួន២ករណី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅខណ្ឌ៧កមរា និង ឆក់លើទី២ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅខណ្ឌសែនសុខ ហើយសមត្ថកិច្ចបានឃាត់ខ្លួន នៅវេលាម៉ោង១១ និង១៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ២០១ផ្លូវលំ ភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ចំណែកជនសង្ស័យ៤នាក់ទី១ ឈ្មោះកែវ ភារុណ ហៅប៊ី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកបោះពុម្ភ នៅផ្ទះជួលភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទី២ ឈ្មោះ អ៊ិច ចក្រី ហៅហ្វ័រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះលេខ៩បេ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ទី៣ ឈ្មោះឆាវសំអិត ហៅរាជ ភេទប្រុសអាយុ២១ឆ្នាំមុខរបរបុគ្គលិកបោះពុម្ភ នៅសង្កាត់ដង្កោខណ្ឌដង្កោ និងទី៤ឈ្មោះ ណុច តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស វិទ្យាល័យសេរីមង្គល នៅភូមិឫស្សីជ្រោយ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋានសប្បាយសប្បាយ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ បន្ទាប់ពីធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស លាយក្រហម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AS-4917 ពីជនរងគ្រោះឈ្មោះសានទិត្យ ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកផ្សារអ៊ីអន២ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៏ SCG ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

បន្ទាប់ពីបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់