ព័ត៌មានជាតិ

Update៖​​​ មេការសំណង់ម្នាក់ ធ្លាក់ដុំជ្រីចំ បែកក្បាលស្លាប់ រួចត្រូវគេដឹកសពចេញពីកន្លែងកើតហេតុយ៉ាងស្ងាត់…

ភ្នំពេញ: បុរសម្នាក់ដែលគេស្គាល់ថា ជាមេការសំណង់សង្ស័យធ្លាក់ដុំជ្រី ត្រូវក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយក៏ត្រូវបានក្រុមអ្នកបិតបាំង យកសពរុំនិងភួយ ដឹកតាមម៉ូតូទៅបាត់ មិនដឹងថាយកសពទៅលាក់ទុកទីណានោះទេ។

ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងការដ្ឋានអាគារ ដែលទើបសាងសង់ថ្មី តាមបណ្តោយផ្លូវម៉ុងឬទ្ធី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានលួចខ្សឹបប្រាប់ថា មុនពេលកើតហេតុគេឃើញបុរសមេការ ដែលជាជនរងគ្រោះ បានឈរនៅខាងក្រោមមុខការដ្ឋាន ស្រាប់តែមានដុំជ្រីមួយដុំ មិនដឹងធ្លាក់មកពីទិសខាងណានោះទេ បានធ្លាក់ចំកណ្តាលក្បាលជនរងគ្រោះ បណ្តាលឲ្យបែកក្បាលហូរឈាមស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយក៏មានគេនាំគ្នាដឹកសពទៅបាត់ភ្លាមៗ ខណ:ប្រជាការពារបានជិះដេញតាមដែរ តែតាមមិនទាន់ដោយសារស្ទះចរាចរណ៏ពេក។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ និងកំពុងតែស្រាវជ្រាវរកសពមកវិញ ដើម្បីឲ្យសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យពេលក្រោយ៕

មតិយោបល់