ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរគ្រឿងញៀន និងកាន់កាប់គ្រាប់កាំភ្លើងដោយខុសច្បាប់!

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ដោយទទួលបានបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញការិយាល័យគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ សម្រួលឲ្យប្រើប្រាស់ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងកាន់កាប់គ្រាប់កាំភ្លើងដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅចំណុចក្រោយផ្ទះសំណាក់សារពេជ្រ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីករណីខាងលើ លោកបានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការ និងដាយទទួលបានការអនុញ្ញាតពីលោក គឹម ឡាក់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន ចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ១-ឈ្មោះ អ៊ុង មុនិន្ទ ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ទី២ឈ្មោះ ចៅ ប៊ុនថា ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ , និងទី៣ឈ្មោះ ចន្ថា វិចិ្ឆកា (ហៅ ទូច) ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងរឹបអូសបានវត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន៤កូនថង់ ស្មើ ០.៧០ក្រាម,ស្រោមកាំភ្លើងប្រាហាចំនួន១,គ្រាប់កាំភ្លើងប្រាហា ចំនួន៥គ្រាប់,ទូរស័ព្ទដៃម៉ាក Seatel V8 ចំនួន១គ្រឿង,កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀន មួយចំនួន ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្ថែមថា ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យ បានសារភាពថា ៖ ខ្លួន(អ៊ុង មុនិន្ទ) ធ្វើការជួញដូរគ្រឿងញៀនមួយរយៈមកហើយ តាមរយៈប្រពន្ធរបស់ខ្លួន ឈ្មោះ សាំង កុសល ជាអ្នកទៅទិញម្តងៗក្នុងតម្លៃ ពី ២០ម៉ឺនរៀល ទៅ ៣០ម៉ឺនរៀល ដើម្បីយកមករំលែកលក់បន្ត លុះដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ១៣ និង ១០នាទី ស្រាប់តែកងកម្លាំងកងរាជអាវុធហត្ថ ចូលមកឃាត់ខ្លួនតែម្តង ។ ចំណែកជនសង្ស័យ ចំនួន ២នាក់ផ្សេងទៀត ជាអ្នកមកប្រើប្រាស់គ្រឿងញៀននៅផ្ទះ អ៊ុង មុនិន្ទ ។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់