ព័ត៌មានជាតិ

ទប់កំហឹងមិនជាប់! លោក ត្រាំ វាយបកបណ្ដាសារព័ត៌មានជាច្រើន ដែលចុះផ្សាយមិនពិតថា គួរឲ្យស្អប់ខ្ពើមបំផុត

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការតិះដៀលទៅលើប្រព័ន្ធផ្សព្វផ្សាយ នៅឯកិច្ចប្រជុំមួយ ក្នុងរដ្ឋ Pennsylvania ដោយសារតែការចុះផ្សាយព័ត៌មានរបស់ពួកគេមិនពិត និងគួរស្អប់ខ្ពើមបំផុត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨។

លោក ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្រនៅទីក្រុង Wilkes-Barre ថា «បណ្ដាសារព័ត៌មាន អាចនឹងធ្វើរឿងអ្វីៗដែលអាក្រក់ ព្រោះពួកគេ ជារឿយៗតែងចុះផ្សាយព័ត៌មានមិនពិត និងគួរឲ្យស្អប់ខ្ពើមបំផុត។ ដោយលោកបន្ថែមថា ភាគច្រើននៃប្រព័ន្ធផ្សព្វផ្សាយទាំងនោះ គឺចុះនូវព័ត៌មានមិនពិតប្រាកដ និងជាសត្រូវរបស់ប្រជាជន»។

ខណៈលោកបានអះអាងថា លោកត្រូវ​បានបណ្តាញសារព័ត៌មាន​ចោទប្រកាន់​ទាំងខ្លួន ពុំមាន​កំហុស ឬចេតនា ធ្វើឲ្យមានភាព​យឺតយ៉ាវ​ក្នុង​ការ​ចូល​គាល់​​​​មហាក្ស​ត្រីយ៍​​​អង់​គ្លេស​ នៅអំឡុង​ដំណើរទស្សនកិច្ចផ្លូវរដ្ឋ​ ទៅកាន់អង់គ្លេស​ កាលពីខែកក្កដានោះទេ។

លើសពីនេះទៅទៀត លោក ត្រាំ ថែមទាំងបាននិយាយការពារការសម្រេចចិត្តរបស់លោក ក្នុងការធ្វើដំណើរបន្តទៅកាន់ប្រទេសហ្វាំងឡង់ បន្ទាប់ពីដំណើរទស្សនកិច្ចនៅអង់គ្លេស ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងជំនួបកំពូលប្រវត្តិសាស្រ្ត​ រវាងលោក ជាមួយ​លោក គីម ជុងអ៊ុន កាលពី​ខែមិថុនា​កន្លងទៅផងដែរ។

​​រហូតមកទល់​ពេលនេះ គេសង្កេតឃើញថា ​លោក ត្រាំ នៅតែមិនចុះសម្រុងគ្នា​ ​ជាមួយបណ្តាញ​​សារ​ព័ត៌​មាន​​មួយ​ចំនួនទ្បើយ ដែលជាញឹកញាប់ ​លោកតែងចាត់​ទុកប្រព័ន្ធផ្សព្វផ្សាយ​ទាំងនោះថា ជាសត្រូវរបស់​មហាជន និងថាការចុះផ្សាយ​​របស់ពួកគេ ​​សុទ្ធសឹងជា​រឿងមិនពិត៕

មតិយោបល់