ភ្នំពេញៈ បុរសម្នាក់សង្ស័យងងុយដេក បើកបររថយន្តកុងតឺន័រមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះ ហើយងោកមួយផាំងក៏រេចង្កូតឆ្លងផ្លូវទៅបុករថយន្តស៊ិនទ្រីមួយគ្រឿងទៀតដែលកំពុងឈប់ប្រមូលសំរាមនៅលើចិញ្ចើមផ្លូវ ចំពីមុខពេញទំហឹង បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងកើតផ្លូវរថភ្លើងប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក FREIGHTLINER ជាប្រភេទរថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3689 ។ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុសង្ស័យតៃកុងរថយន្តងងុយដេកហើយងោកមួយផាំងក៏រេចង្កូតទៅខាងឆ្វេងឆ្លងទៅផ្លូវម្ខាងទៀត រួចក៏ជ្រុលទៅបុកនិងរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿងទៀត ពណ៌លឿន គ្មានស្លាកលេខ ដែលកំពុងឈប់ចតនៅលើចិញ្ចើម ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដែលមានបុរស៥នាក់ជាបុគ្គលិកស៊ិនទ្រីកំពុងតែធ្វើការប្រមូលសំរាមដាក់ចូលក្នុងរថយន្ត បណ្តាលឲ្យចំពីមុខពេញទំហឹងបង្កឲ្យរថយន្តដឹកសំរាមខ្ទាតទៅបុកនឹងបុគ្គលិកស៊ិនចំនួន២នាក់ ម្នាក់សន្លប់ស្តូកស្តឹកម្នាក់ទៀតរងរបួសក្បាលធ្ងន់ធ្ងរ ដោយឡែក៣នាក់ផ្សេងទៀតរងរបួសស្រាល។
រីឯរថយន្តដឹកសំរាមបានខ្ទៀតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយដែលនៅអមសងខាងផ្លូវរងការខូចខាតកំពឹតផ្នែកខាងមុខស្ទើរទាំងស្រុង។ ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំទៅមុខលែងរួច។
ក្រោយពេលកើតហេតុបុរសជាបុគ្គលិកស៊ិនទ្រីដែលរងរបួសធ្ងន់២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាប់ដឹកយកទៅសង្គ្រោះនៅឯគ្លីនិកសម្ភពបែកចាន។ ដោយឡែករថយន្តទាំង២គ្រឿងរួមទាំងអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
https://www.youtube.com/watch?v=8tS1rBpwW9c
មតិយោបល់