ព័ត៌មានជាតិ

រថយន្តកុងតឺន័រ បុកម៉ូតូបុគ្គលិកភីហ្សាខំភេនីម្នាក់ ចំពីក្រោយ ខ្ទេចយ៉ាងដំណំ

ភ្នំពេញៈ បុរសជាបុគ្គលិកភីហ្សាខំភេនីម្នាក់ ជិះម៉ូតូឌ្រីមមួយគ្រឿងចេញពីធ្វើការបម្រុងត្រឡប់ទៅផ្ទះ ក៏ត្រូវរថយន្តកុងតឺន័របើកមកបុកពីរក្រោយពេញទំហឹង សំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចស្តុបកប់ស្រូវ តាមបណ្តាយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GU-3130។ ដែលទើបតែជិះចេញមកពីកន្លែងធ្វើការនៅម្តុំរង្វង់មូលចោមចៅហើយបំណងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំកំបូល ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវខ្វែង ម៉ូតូខាងលើក៏បានបន្ថយល្បឿន ខណៈពេលនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក NISSAN DIESEL ពណ៌ខៀវលាយបៃតង់ ជាប្រភេទរថយន្តសណ្តោងធន់ធំ ពាក់ស្លាកលេខ ភ្នំពេញ3A-6622 ដែលបើកបរដោយបុរសម្នាក់ មកពីក្រោយក្នុងល្បឿនលឿន ហើយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូខាងលើចំពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូរងការខូចខាតបែកចង្កៀងនិងវៀចកង់ខាងក្រោយ តែសំណាងល្អដែលមិនបង្កឲ្យអ្នកបើកបរម៉ូតូរងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចហើយបានអោយភាគីទាំង២និយាយចរចាដោះស្រាយគ្នា ហើយដោយភាគីខាងរថយន្តមិនចង់មានរឿងវែងឆ្ងាយក៏សម្រប់សម្រួលគ្នាជាមួយនិងភាគីខាងម៉ូតូ ដោយយកម៉ូតូទៅជួសជុលឲ្យដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់