ត្បូងឃ្មុំៈ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹង ករណីរំលោភសេពសន្ថវៈ និងសេចក្ដីទុកចិត្ត កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៨។
ដោយការឃាត់ខ្លួននេះ ធ្វើទ្បើងបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យ បណ្ដឹងពីជនរងគ្រោះ ឈ្មោះ សា ហ៊ីម ភេទ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្ដឹងជនសង្ស័យ ឈ្មោះ ជូ ចំរើនហៅ វណ្ណា ភេទប្រុស អយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ដែលបាននាំកូនស្រីគាត់ចំនួន ២នាក់ ទៅធ្វើពលករនៅប្រទេសម៉ាឡេស៊ី ហើយបង្ខាំង និងបង្ខំរួមភេទបានសម្រេចជាច្រើនដង។
តាមការបញ្ជាក់ពីជនរងគ្រោះ បានឲ្យដឹងថា កាលពីខែក្កដា ឆ្នាំ២០១៧ ជនសង្ស័យខាងលើ បានមកជួបអាណាព្យាបាលជនរងគ្រោះ នៅផ្ទះស្ថិតភូមិឃុំកើតហេតុ ដោយនិយាយបញ្ចុះថា ឲ្យកូនស្រីរបស់គាត់ ឈ្មោះ ហ៊ីម តីណុប អាយុ២៨ឆ្នាំ ទៅធ្វើការជាពលករ នៅប្រទេសម៉ាឡេស៊ី ព្រោះគាត់ជាមេខ្យល់មួយ របស់ក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី ចំពោះសោហ៊ុយក្រុមហ៊ុនចេញឲ្យទាំងអស់ ទើបគាត់ក៏បានប្រគល់កូនស្រី តីណុប ឲ្យទៅជាមួយជនសង្ស័យ យកចេញទៅថ្ងៃនោះតែម្ដង។
លុះដល់ខែកុម្ភៈ ឆ្នាំ២០១៨ ឈ្មោះ ជូ ចំរើន បានត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ បានមកជួបគាត់ និងប្រពន្ធ ប្រាប់ថា ហ៊ីម តីណុប សុខសប្បាយទេ ក៏និយាយសុំយកកូនស្រីទី២ របស់គាត់ឈ្មោះ ហ៊ីម ពីពះ អាយុ១៨ឆ្នាំ ទៅធ្វើការនៅប្រទេសម៉ាឡេទៀត គាត់ក៏បានអនុញ្ញាតឲ្យទៅជាមួយ។
ប៉ុន្តែក្រោយមក នៅអំទ្បុងខែមេសា ឆ្នាំ២០១៨ ស្រាប់តែគាត់បានដំណឹងពីកូនស្រីគាត់ ឈ្មោះ ហ៊ីម តីណុប ដែលបានទូរស័ព្ទពីប្រទេសម៉ាឡេថា ខ្លួនត្រូវបានឈ្មោះ ជូ ចំរើន បង្ខំរួមភេទ ជាមួយតាំងពីមកដល់ប្រទេសមឡេស៊ីដំបូងម៉្លេះ ដោយបង្ខាំងទុកឲ្យនៅតែក្នុងផ្ទះ ជាមួយគាត់មិនឲ្យចេញទៅធ្វើការនៅក្រៅផ្ទះទេ ដោយដកហូតលិខិតឆ្លងដែន និងប្រើអំពើហិង្សា វាយតប់លើរូបរាងកាយ មានទាំងកោសក់ក្បាល ដកហូតទូរស័ព្ទមិនឲ្យទាក់ទង មកឪពុកម្ដាយបានឡើយ ហើយឈ្មោះ ជូ ចំរើន បានបង្ខំប្អូនស្រីឈ្មោះ ហ៊ីម ពីពះ រួមភេទជាមួយបានសម្រេចជាច្រើនលើក។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំក ដើម្បីសាងសំនុំរឿងបញ្ជូន ទៅអយ្យការសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់