ព័ត៌មានជាតិ

ផឹកស៊ីរួចបែកគំនិត យកដុំថ្មទៅម៉ូតូកង់បី ក៏ត្រូវជួបរឿងបែបនេះ..

ភ្នំពេញៈ បុរស​ម្នាក់​ខំស្កាត់ពីខេត្ត​ ទៅ​លេង​មិត្តភក្ដិ​នៅ​ទីក្រុងដោយបានជួបជុំ​គ្នា​ផឹកស្រា​អស់​ម្នាក់​មួយ​ដប ស្រាប់តែ​ដើរទៅ​គប់​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​បែក​កញ្ចក់​មុខ​ខ្ទេច​ ទើបម្ចាស់​កង​បី​ឃាត់ខ្លួន ​ប្រគល់​ឲ្យ​សមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតទ្បើងកាលពី​ម៉ោង​១២​និង​៣៥នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែសីហា ២០១៨ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ​កែវ សង្កាត់ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ជន​បង្ក​មានឈ្មោះ ចាន់ រ៉ា​ហ៊ុ​ល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​រកា ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។ ចំណែកម្ចាស់​កង់​បី​មានឈ្មោះ ហៀ​ង ថុ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល ។

តាម​សម្តី​អ្នក​បើក​ម៉ូតូ​កង់​បី បាន​ឲ្យដឹង​ថា មុន​កើតហេតុ​គាត់​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​ខួបកំណើត​ក្មួយ​នៅ​ចំណុច​កើតហេតុ​ខាងលើ ពេល​ចប់​កម្មវិធី​រៀបចំ​ត្រឡប់​ទៅ​ស្រុក​វិញ​ដោយ​ឡើង​ទៅ​អង្គុយ​លើ​ម៉ូតូ​កង់​បី ​ដើម្បីរង់ចាំ​បងប្អូន​ចេញ​មក​តាម​ក្រោយ ស្រាប់តែ​លេចមុខ​ជន​បង្ក​​ម្នាក់ ដើរ​មក​ពី​លិចទៅ​កើត ​យក​ដុំ​ថ្ម​មក​គប់​កញ្ចក់ម៉ូតូ​​កង់​បី​របស់​គាត់ បណ្តាល​ឲ្យ​បែក​ខ្ទេច ក្រោយ​មក​ជន​បង្កបាន​រត់គេច​ខ្លួន​ តែភ្លាម​ៗ​នោះ​ គាត់​បាន​ស្រែក​ឲ្យ​គេ​ជួយ​ចាប់ ​ទើប​ប្រជាពលរដ្ឋ​នៅទីនោះ នាំគ្នាជួយ​ចាប់​ជនបង្កបាន ​ក៏យក​ទៅប្រគល់ឲ្យសមត្ថកិច្ចនៅប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ដើម្បី​ធ្វើការ​សាកសួរ ​រួចសមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ និងអនុញ្ញាតឲ្យត្រលប់ទៅ​ផ្ទះ​វិញ៕

មតិយោបល់