ព័ត៌មានជាតិ

រន្ធត់ណាស់! គ្រោះថ្នាក់តាមផ្លូវទឹក ទូក និងកាណូតប៉ះទង្គិចគ្នា ផ្ដាច់ជីវិតបុរសម្នាក់

កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវទឹក រវាងទូក និងកាណូត តាមដងស្ទឹងតាំងក្រសាំង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងខូចខាតទូក១គ្រឿង។

តាមនគរបាលចស្រុកសន្ទុក បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៦ និង៣០នាទីល្ងាច មានការណូតដឹកស្រូវមួយគ្រឿង បានបើកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច នៅពេលដល់ចំណុចកើតហេតុ ស្រាប់តែទៅបុកទូកស្មាច ដែលកំពុងធ្វើចរាចរណ៍ បញ្ច្រសទិសគ្នា បណ្ដាលឲ្យអ្នកបើកទូកស្លាប់នៅនឹងកន្លែងតែម្ដង។

សពជនរងគ្រោះ ឈ្មោះ លី ណាត ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ លីន មានកូនបីនាក់ ត្រូវបានរកឃើញ នៅវេលាម៉ោង៧ និង៣៦នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ដោយជនរងគ្រោះមានទីលំនៅភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

បច្ចុប្បន្ននគរបាលចរាចរណ៍ស្រុកសន្ទុក កំពុងធ្វើការស្រាវជ្រាវ ដើម្បីរកម្ចាស់កាណូត ដែលបើកបុកទូកជនរងគ្រោះ យកមកដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់