ព័ត៌មានជាតិ

បុណ្យចូលឆ្នាំចិនលើកនេះ បណ្តារមនីយដ្ឋានក្នុងខេត្តកំពតគ្មានសល់កន្លែងចតរថយន្ត

កំពតៈ ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម លើកនេះ ចំនួនភ្ញៀវទេសចរណ៍ មកទស្សនាខេត្តកំពតច្រើន គួរជាទីកត់សម្គាល់ រហូតតាមបណ្តារមនីយដ្ឋានមួយចំនួនគ្មានកន្លែង ចតរថយន្ត និងកន្លែងសម្រាប់ភ្ញៀវអង្គុយឡើយ សូម្បីតែចរាចរណ៍ កកស្ទះតាំងពីម៉ោង៩ព្រឹកដល់ម៉ោង៧យប់ឯណោះ។

បើយោងតាមរបាយការណ៍ ក្នុងកំឡុងពេលចូលឆ្នាំចិននេះ ដោយគិតពីថ្ងៃសុក្រទី២៧ ដល់ថ្ងៃចន្ទទី ៣០ មករាម្សិលមិញនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានចំនួន ៨៣,៦៨៣ នាក់ មានកំណើន៣៨,៧% បើធៀបទៅនិងឆ្នាំ២០១៦ ដោយក្នុងនោះទេសចរជាតិមាន ៧៩,២៩៨ នាក់ និងទេសចរអន្តរជាតិ ចំនួន៤,៣៨៥ នាក់។
ហើយកន្លែងដែលអ្នកទេសចរចាប់អារម្មណ៍ខ្លាំងជាងគេ គឺរមនីយដ្ឋាន ឋានសួគ៌បូកគោ និងរមនីយដ្ឋានទឹកឈូ ព្រមទាំងកោះតាដាជាដើម។ នេះបើតាមការឲ្យដឹងរបស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

ទន្ទឹមនិងការកើនឡើងខ្ពស់នូវចំនួនអ្នកទេសចរនេះ គេសង្កេតឃើញថា ក៏មានភ្ញៀវមួយចំនួនរអូរទាំបន្តិចបន្តួចដែរ ដោយសារ ការសម្រុកមកលេងព្រមគ្នាពេល ធ្វើឲ្យតាមបណ្តារមនីយដ្ឋានទាំង៣ខាងលើ ពុំមានសល់កន្លែងគ្រប់គ្រាន់សម្រាប់ចំណតរថយន្ត និងតូបអ្នកអង្គុយលេងទេ។ ជាងនេះទៅទៀត ក្រុងកំពត ត្រូវកកស្ទះចរាចរណ៍ រាប់ម៉ោង ទម្រាំបានដល់គោលដៅនីមួយៗ ដែលជាហេតុធ្វើឲ្យអ្នកកម្សាន្តខ្លះបត់រថយន្តទៅវិញ ទាំងមិនបានទៅដល់កន្លែងលេងក៏មាន។

តែទោះជាយ៉ាងណាក៏ដោយ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងឡាយ នៅតែមានភាពសប្បាយរីករាយមកកម្សាន្តលេងដដែល ដោយសារតែខេត្តកំពតមួយនេះ នៅតែជាខេត្តជាប់ប្រជាប្រិយភាព ក្នុងចំណោមខេត្តទាំង៤ជាប់ផ្ទៃសមុទ្រ ដែលអាចបំពេញចិត្តភ្ញៀវបានគ្រប់បែបយ៉ាង បានទាំងការងូតទឹកសាប ឬ ប្រៃកម្សាន្តលេង លំហែរកាយ អាកាសធាតុដ៏ត្រជាក់ ពិសារអាហារសមុទ្រស្រស់ៗ និងផ្លែឈើធូរេនធម្មជាតិជាប់លំដាប់ថ្នាក់ជាដើម។

សូមបញ្ជាក់ថា ទាក់ទងនឹងតម្លៃ និងសេវាកម្មពុំមានអ្វីប្រែប្រួល ដែលធ្វើឲ្យភ្ញៀវទាស់ចិត្តខ្លាំងនោះឡើយ ដោយតម្លៃជួលតូបតាមធម្មតា ២០,០០០ រៀល តម្លើងត្រឹម៣០,០០០រៀល ប៉ុណ្ណោះ។ នេះដោយសារការយកចិត្តទុកដាក់ និងបានដាក់ផែនការប្រជុំច្បាស់លាស់ ពីរបៀបរបបទទួលភ្ញៀវ និងការផ្គត់ផ្គង់សេវាកម្ម ជាមួយអាជីវករ មុនពេលពិធីបុណ្យទាន៕

https://www.youtube.com/watch?v=4YSf7oglsfo

មតិយោបល់