ព័ត៌មានជាតិ

សង្ស័យភ្លេចខ្លួន ជិះម៉ូតូសុខៗ ក៏ជាន់ហ្វ្រាងដួលអូស៧ម៉ែត្រ ទៅផ្ទប់កង់រថយន្តខូចនៅពីមុខ បណ្ដាលឲ្យរងរបួស

ភ្នំពេញ: កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៥ ខែសីហាឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានជិះម៉ូតូដួលអូសប្រហែល៧ម៉ែត្រ សង្ស័យអកហ្សើក៏ជាន់ហ្វ្រាង ទៅផ្ទប់ពីក្រោយកង់រថយន្ត ដែលខូចចតលើស្ពានខាងមុខ បណ្ដាលឲ្យរងរបួស ស្ថិតនៅលើស្ពានព្រែកព្នៅ ប៉ែកខាងលិចភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ម៉ូតូខាងលើ ម៉ាកហុនដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FZ- 6994 បើកដោយបុរសម្នាក់ ឈ្មោះ រ័ត្ន ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដឹកថ្មខាងលើ បានខូចនៅលើស្ពានព្រែកព្នៅ តាំងពីព្រឹកម្ល៉េះ ដោយមិនអាចធ្វើដំណើរទៅមុខ រួចរថយន្តបានបើកភ្លើងស្តុបជាសញ្ញា ដោយក្បាលរថយន្តមានទិសទៅកើត លុះនៅវេលាកើតហេតុ គេសង្ស័យថា ម៉ូតូខាងលើបើកលឿន ក៏វាក់អើជាមួយម៉ូតូ ឬគេចពីរថយន្តផ្សេងទៀត ទើបអកហ្សើជាន់ហ្វ្រាងដួលអូសប្រហែល៧ម៉ែត្រ ដោយម៉ូតូទៅផ្ទប់ជាប់កង់រថយន្តពីក្រោយផ្នែកខាងឆ្វេង ទៅមុខលែងរួច ចំណែកអ្នកជិះបានរងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានទៅដល់ធ្វើការវាស់វែង ហើយទុកលទ្ធភាពឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នាបញ្ចប់រឿង៕

មតិយោបល់