កណ្តាលៈ កាលពីវេលាម៉ោង៣និង៣៥នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹក នៅចំណុចក្នងស្ទឹងព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដោយមានច្រវ៉ាក់ជាប់នឹងជើង។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អ៊ុក ចាន់តារា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ មានឈ្មោះ អ៊ុក ណែម អាយុ៦៦ឆ្នាំ ត្រូវជាម្តាយបានយកកូនឈ្មោះ អ៊ុក ចាន់តារា មកព្យាបាលជំងឺនៅផ្ទះឈ្មោះ សែម រ៉ុង ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែលមានជំជឺសរសៃប្រសាទ។ រហូតដល់ពេលយប់ថ្ងៃ២ ខែសីហា ឆ្នាំ២០១៨ ឈ្មោះ អ៊ុក ចាន់តារា បានដាច់ច្រវាក់ជើងមិនដឹងរត់ទៅណា រកមិនឃើញម្តាយក៏វិលត្រឡប់ទៅផ្ទះវិញ ។ លុះដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងកើតហេតុ ទើបប្រទះឃើញសាកសពអណ្តែតក្នុងស្ទឹងព្រែករាំង ឃុំទឹកវិល រួចសមត្ថកិច្ច និងប្រជាពលរដ្ឋ បានស្រង់សាកសពមកត្រួតពិនិត្យមានសភាពដូចខាងក្រោម៖
– សាកសព ស្លៀកខោចង្កេះកៅស៊ូ ក្រណាត់ក្រឡា ត្រឹមជង្គង់ អត់ពាក់អាវ
– ចាក់សាក់លើស្មាទាំងសងខាង
– មានចាក់សោរច្រវាក់ជើងខាងស្តាំប្រវែង២ម៉ែត្រ
ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ទើបសមត្ថកិច្ចសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារលង់ទឹក។
ក្រោយពេលពិនិត្យរួច សមត្ថកិច្ច បានប្រគល់ឲ្យលោកមេភូមិរក្សាទុក រង់ចាំក្រុមគ្រួសារមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់