ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា វាយប្រហារនៅឥណ្ឌូនេស៊ី ផ្ដាច់ជីវិតមនុស្ស ៨២ នាក់ និងរបួសជាច្រើននាក់

ឥណ្ឌូនេស៊ីៈ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បាននិយាយនៅថ្ងៃច័ន្ទនេះថា ករណីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារនៅកោះឥណ្ឌូណេស៊ី Lombok ដោយសម្លាប់មនុស្ស ៨២ នាក់ និងរាប់រយនាក់ទៀតរងរបួស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ័យស្លន់ស្លោ ក្នុងចំណោមអ្នកទេសចរ និងអ្នកស្រុក កាលពីយប់ថ្ងៃអាទិត្យ នៅក្បែរកោះជិតខាងនៃកោះបាលីផងដែរ ខណៈវាជាគោលដៅទេសចរណ៍ ឈានមុខគេរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

យោងតាមរបាយការណ៍របស់ភ្នាក់ងារ AFP បានឲ្យដឹងថា រញ្ជួយដីនេះ ដំបូងទ្បើយត្រូវបានគេរាយការណ៍ថា មានកម្រិត ៧.០ រ៉ិចទ័រ តែក្រោយមកត្រូវបានបញ្ជាក់ថា មានកម្រិត ៦.៩ រ៉ិចទ័រ ដោយការស្ទង់ទីតាំងភូមិសាស្ត្ររបស់អាមេរិក។

សូមជំរាបថា នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញថា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ជាញឹកញាប់តែងទទួលរង​គ្រោះរញ្ជួយដី ដោយកាលពីចុងខែកក្កដាកន្លងទៅ មានគ្រោះរញ្ជួយដីមួយ​កម្រិត​​ ៦.៤រ៉ិចទ័រ បានវាយប្រហារ​លើកោះទេសចរណ៍នេះ ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច១៤នាក់ និង​របួស​ជាង​​១៦០នាក់៕

មតិយោបល់