ព័ត៌មានជាតិ

សមត្ថកិច្ច បញ្ជូនខ្លួនលោកគ្រូ ញៀនថ្នាំ ទៅតុលាការ ពាក់ព័ន្ធរឿងគំរាមសម្លាប់ តាម Facebook

ភ្នំពេញៈ ខណៈដែលនគរបាលខណ្ឌសែនសុខ ដឹកបុរសម្នាក់ទៅដាក់គុកព្រៃស រឿង បរិហាកេរ្តិ៍ ពិធីការិនីទូរទស្សន៍ លើបណ្តាញសង្គម Facebook សើមៗ នៅព្រឹកថ្ងៃ០៦ ខែសីហា ឆ្នាំ២០១៨នេះផងដែរ នគរបាលខណ្ឌ៧មករា ក៏បានបញ្ជូនលោកគ្រូញៀនថ្នាំម្នាក់ ទៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធករណី គំរាមសម្លាប់ ជនរងគ្រោះតាម បណ្តាញសង្គម Facebook ម្នាក់ទៀត។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យមានឈ្មោះ យន ពិសិដ្ឋ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន (មានផ្ទុកសារធាតុញៀន) ទីលំនៅផ្ទះគ្មានលេខ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ សុន គីម សា ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក មីក្រូហិរញ្ញវត្ថុ Active People ទីលំនៅផ្ទះលេខ ៣១ E0 ផ្លូវ ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញ ខណ្ឌ៧មករា បានឃាត់ខ្លួន ជនសង្ស័យកាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៣១ ផ្លូវ២១៤ ភូមិ ៥ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយប្តឹងចោទប្រកាន់ថា ជនសង្ស័យ បានគំរាមសម្លាប់ តាមបណ្តាញសង្គម Facebook។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតបានវត្ថុតាង រួមមានម៉ូតូ ១គ្រឿង ម៉ាក Zoomer-X ពណ៌លឿង ពាក់ ស្លាក លេខភ្នំពេញ 1GD-3145 លេខ តួ + ម៉ាស៊ីន 125067 និងទូរស័ព្ទ ១គ្រឿង ម៉ាក Iphone 8+ លេខ 069 848 998៕

មតិយោបល់