កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ហាញមុខជនសង្ស័យ ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងច្បារមន ក្រោយពីដាក់បទបញ្ជាឲ្យមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក តាមដានមុខសញ្ញា បន្ទាប់ពីកើតមានសកម្មភាពឆក់ជាច្រើនករណីនាពេលថ្មីៗ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានឲ្យដឹងថា បន្ទាប់ពីកើតករណីលួច (ឆក់ទូរសព្ទ័) នៅវេលាម៉ោង ៨ និង០៥នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបញ្ជាឲ្យ កម្លាំងនៃមន្ទីរយុត្តិធម៌ សហការជាមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗ ។
ជនសង្ស័យឈ្មោះ ថៃ ម៉េង ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្ស ថ្នាក់ទី១០ សាលាវិទ្យាល័យ ហ៊ុន សែនចំបក់ មានទីលំនៅភូមិស្លា ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលដើមហេតុករណីឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ នៅ បុប្ផា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិថ្មី សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខណៈដែលជនរងគ្រោះ កំពុងតែជិះម៉ូតូ ។
លោកមេបញ្ជាការបញ្ជាក់ថា ឃាត់ជនស័ង្សខាងលើ កម្លាំងបានដកហូត វត្ថុតាង និងសម្ភារៈមួយចំនួន រួមមាន ម៉ូតូ ១គ្រឿង ម៉ាក C.១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខកំពង់ស្ពឺ 1J-2750 (ម៉ូតូរបស់ជនសង្ស័យ) ទូរស័ព្ទ ០១គ្រឿង ម៉ាកOPPO.5s ពណ៌ខ្មៅ (របស់ជនរងគ្រោះ)។
សូមបញ្ជាក់មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានករណីចោរឆក់ជាច្រើនករណី ក្នុងភូមិសាស្ត្រក្រុងច្បារមន ហើយក៏ត្រូវបានបង្ក្រាបបានជាបន្តបន្ទាប់ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ របស់កងកម្លាំងសមត្ថកិច្ចក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់សាធារណៈ សុវត្ថិភាពជូនពលរដ្ឋ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕
មតិយោបល់