ព័ត៌មានជាតិ

ជនរងគ្រោះបានត្រឹមភាពអយុត្តិធម៌ ក្រោយពីរថយន្តបើកកៀររងរបួសធ្ងន់ ហើយរករថយន្តបង្កពុំឃើញក្រោយបើកចូលក្នុងផែស្ងួតតិចស្រ៊ុន

ភ្នំពេញៈ រកទំនុកចិត្តមិនបាន នគរបាលយុត្តិធម៌ ទាំងប៉ុស្តិ៍រដ្ឋបាល ទាំងជំនាញចរាចរណ៍ខណ្ឌ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ ក្បាលរថយន្តអូសទូកុងតៃន័រ បើកបត់ទៅកៀរម៉ូតូសេ១២៥ កិនបែកប្រអប់ជើង បាក់ដៃឆ្វេង រងរបួសធ្ងន់ ដេកប្រកាច់សន្លប់ នៅលើចិញ្ចើមផ្លូវ ហើយរថយន្តបង្ក បើករត់ចូលក្នុងក្រុមហ៊ុនក្បែរនោះស្រាប់។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចំពីមុខច្រកចូលផែស្ងួត តិចស្រ៊ុន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះបានត្រឹមទទួលនូវអយុត្តិធម៌ ទោះជាមានប្រជាពលរដ្ឋរងចាំធ្វើសាក្សី ចង្អុលបង្ហាញ ប្រាប់រថយន្ត បង្កបើកចូលក្នុងផែស្ងួតតិចស្រ៊ុន ក៏ដោយតែទាំងប៉ូលិស ប៉ុស្តិ៍រដ្ឋបាល ទាំងប៉ូលិសជំនាញខណ្ឌពោធិ៍សែនជ័យ គ្មានលទ្ធភាពរកយុត្តិធម៌ជូនជនរងគ្រោះឡើយ បានត្រឹមបាញ់ថ្នាំចំណាំទុក ហើយយកម៉ូតូទៅរក្សាទុក តែប៉ុណ្ណោះ ។

តាមប្រភពពត័មាននៅកន្លែងកើងហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-5094 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចមុខផែស្ងួតតិចស្រ៊ុន ស្រាប់តែរថយន្តបង្ក ក្បាលពណ៌ស គ្មានស្លាកលេខ មានតែក្បាល (ប្រភេទក្បាលUSA) បើកស្របទិស ដល់ទន្ទឹមម៉ូតូ បត់វឹងចូលផែស្ងួត ទើបបណ្តាលឲ្យកៀរម៉ូតូជនរងគ្រោះ កិនបែកប្រអប់ជើង និងបាក់ដៃ ភ្លាមៗ រថយន្តបង្ក ត្រូវបានកងសន្តិសុខយាមក្រុមហ៊ុន បក់ដៃហៅ ឲ្យបើកចូលក្នុងផែស្ងួតឲ្យលឿន យកទៅទុកខាងក្នុង តែទោះជាយ៉ាងណាក្តី ពលរដ្ឋស្គាល់ក្បាលរថយន្ត មើលតែពីក្រៅក៏ឃើញរថយន្តបង្កដែរ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានឡានគ្លីនិកឯកជន វិលមកពីដឹកជនរងគ្រោះម្នាក់នេះសង្រ្គោះបាត់ បន្សល់ទុកតែម៉ូតូ ក្រោយមក ពលរដ្ឋហៅប្រាប់ប៉ូលិស តែដូចអូសឫស្សីបញ្ច្រាសចុង ចម្ងាយពីកន្លែងកើតហេតុ ទៅប៉ុស្តិ៍រដ្ឋបាល សឹងមិនបានចម្ងាយ១គីឡូម៉ែត្រផង ចំណាយពេលជិត១ម៉ោង ទើបឃើញប៉ូលិសមកដល់ ហើយគ្មានលទ្ធភាព រកយុត្តិធម៌ឲ្យជនរងគ្រោះបាន ទោះជា សាក្សីឈររងចាំចង្អុលក្បាលឡានបង្ក ហើយតែប៉ូលីស ទាំងប៉ុស្តិ៍ ទាំងជំនាញខណ្ឌឆ្លើយថា ឲ្យធ្វើយ៉ាងម៉េចបើ រថយន្តចូលទៅក្នុងបាត់ទៅហើយ ពលរដ្ឋអស់ជំនឿ មានតែដើរចេញ ប៉ូលិសបានត្រឹម ឭបាញ់ថ្នាំចំណាំទុក និងយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រជាពលរដ្ឋ ឃើញហេតុការណ៍ រិះគន់ទៅដល់ប៉ូលីស ប៉ុស្តិ៍ ប៉ូលិសចរាចរណ៍ខណ្ឌ គ្មានលទ្ធភាពរកយុត្តិធម៌ ជូនជនរងគ្រោះបាន លទ្ធផលបានត្រឹមរបួសដេកពេទ្យ ម៉ូតូចូលដេកនៅប៉ុស្តិ៍ រថយន្តបង្កចូលក្នុងផែស្ងួត បង្អួតចេញក្បាល មកធ្វើមិនដឹង ៕

មតិយោបល់