ព័ត៌មានជាតិ

សប្បាយក្លាយជាទុក្ខ!ផឹកស៊ីរួចធ្លាក់ភ្នែក ជិះម៉ូតូឌុបគ្នារេចង្កូតដួលរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញៈ យុវជន២នាក់ ក្រោយពីជាតិស្រវឹងចូលជ្រាបពេញខ្លួន ព្យាយាមជិះម៉ូតូ ទាំងមិនគិតពីបញ្ហាគ្រោះថ្នាក់ បើកបរល្បឿនលឿន ចេញពីវង់ផឹកស៊ី ទីបំផុត រេចង្កូតទៅបំណែកផ្លូវម្ខាង ដួលរងរបួសធ្ងន់ម្នាក់ បែកមុខឈាម ហេងវិញគ្រាន់តែបាក់ធ្មេញអស់៣គ្រាប់ សន្លប់ស្តូក។ ចំណែកម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះរបួសធ្ងន់ ឈ្មោះ សាត វាសនា អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ រងរបួសធ្ងន់ បាក់ធ្មេញអស់៣គ្រាប់ បែកមុខហូរឈាមសន្លប់ស្តូក មានស្រុកកំណើតភូមិគជ្រុំ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះ ម្នាក់ទៀត ឈ្មោះ ហ៊ុន វ៉ាន់ឆៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មានស្រុកកំណើត ភូមិកោះស្លែង ឃុំកោះថ្កូវ ស្រុកជលគិរី កំពង់ឆ្នាំង ។ ជនរងគ្រោះទាំង២នាក់ស្នាក់នៅផ្ទះជួលជាមួយគ្នា ក្នុងភូមិ សង្កាត់ កើតហេតុ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះផឹកស៊ីជុំគ្នានៅផ្ទះជួល ស្រវឹងជោកជាំ ហើយនាំគ្នាជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-6458 ដោយឈ្មោះ ហ៊ុន វ៉ាន់ឆៃ ជាអ្នកបើកបរ ធ្វើដំណើរក្នុងគោលបំណង់ទៅផ្ទះមិត្តភក្តិ នៅភូមិជ្រៃកោង តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង។ លុះដល់ចំណុចខាងលើ ស្រាប់តែជនរងគ្រោះ ឈ្មោះ សាត វាសនា ដែលអង្គុយពីក្រោយ ទន់ងោក ធ្វើឲ្យអ្នកបើកបរ ទប់ចង្កូតមិនជាប់ ទាញរេចង្កូតទៅបំណែកផ្លូវម្ខាង ធ្លាក់ចិញ្ចើម ទៅប៉ះបោកផ្ទប់កន្ទុយម៉ូតូ ផ្សេងទៀត ដួលផីងខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ ហៅរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ចំណែកម៉ូតូ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់