ព្រះវិហារៈ កម្លាំងចម្រុះចុះបង្ក្រាបរថយន្តកាមរីស៊េរី១៩៩៥ មួយគ្រឿងពណ៌ស្លែ ដឹកឈើគ្រញូងកូនក្រទ្បឹងគេចពន្ធ រួមទាំងជនល្មើស២នាក់ ត្រូវបានឃាត់ខ្លួនធ្វើការស៊ើបសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី០២ សីហា ២០១៦ ស្ថិតនៅភូមិកំពង់ព្រះឥន្ធ ឃុំកំពង់ស្រទ្បៅ២ ស្រុកឆែប មានការចូលរួមពីកម្លាំងមន្ដ្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រទ្បៅម្លូរព្រៃ និងផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំងនគរបាល។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា រថយន្តល្មើសនេះ ដឹកចេញពីតំបន់ស្រអែមមានប្រភពចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារ ដឹកជញ្ជូនកាត់តាមសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតមានមូលដ្ឋានក្នុងឃុំស្រអែមស្រុកជាំក្សាន្ត ឆ្ពោះទៅកាន់ទីរួមខេត្តស្ទឹងត្រែង ដោយមានការបើកដៃពីក្រុមសមត្ថកិច្ចនៅតាមដងផ្លូវជាតិលេខ៦២ និងផ្លូវជាតិលេខ០៩ ជាថ្នូរលាភសក្ការៈដុំកំភួន។
លោក សេង លាង នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រទ្បៅម្លូរព្រៃ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ សីហានេះថា រថយន្តដឹកឈើគ្រញូងខុសច្បាប់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់បាននៅភូមិកំពង់ព្រះឥន្ធ ឃុំកំពង់ស្រទ្បៅ២ ស្រុកឆែប និងឃាត់ខ្លួនតៃកុងម្នាក់ រួមទាំងបក្ខពួកម្នាក់ទៀតដោយបានរាយការណ៍ជូនលោកព្រះរាជអាជ្ញា និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារជាមុនផងដែរ។
លោកនាយសង្កាត់រដ្ឋបាលព្រៃឈើបន្តថា នៅថ្ងៃដដែលនោះវត្ថុតាង រថយន្ត និងឈើគ្រញូងរួមទាំងជនល្មើសទាំង២នាក់ ត្រូវបាននាំទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីស៊ើបសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់ស្ដីពីព្រៃឈើ។
លោក សេង លាង បានឲ្យដឹងថា ជនល្មើសទី១.ឈ្មោះ គង់ រិទ្ធ ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរទាហាន រស់នៅភូមិស្រះក្តុលឃុំស្រអែមស្រុកជាំក្សាន្ត និងទី២.ឈ្មោះ សំអឿន ភេទប្រុសអាយុ៤៨ឆ្នាំរស់នៅភូមិរាជានគរឃុំស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានកូនក្នុងបន្ទុកចំនួន០៣នាក់។ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើ បញ្ជាក់ថា ឈើគ្រញូងដែលចាប់បង្ក្រាបបានខាងលើមានចំនួន១៣៨ដុំ ស្មើនឹងទម្ងន់សរុប៣២៦គីទ្បូក្រាម៕
មតិយោបល់