ព័ត៌មានជាតិ

សំណុំរឿង សម្លាប់ប្រពន្ធមានផ្ទៃពោះ៨ខែ ដោយធ្លាក់ពីលើអគារខុនដូ តុលាការ សម្រេច ដាក់គុកប្តី ២ឆ្នាំ ឪពុកជនរងគ្រោះថា អយុត្តិធម៌

ភ្នំពេញៈ ទីបំផុតទៅ សំណុំរឿងស្ត្រី ពពោះ ៨ខែ ធ្លាក់ពីលើ ការដ្ឋានសំណង់អគារខុនដូ ក្បែរស្ថានទូតចិន ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីអំឡុងចុងឆ្នាំ២០១៧ កន្លងទៅ ដែលមហាជនជឿថា ជារឿង អត្តឃាតនោះ ត្រូវបានលាតត្រដាង យ៉ាងច្បាស់ ថា វាជារឿង មនុស្សឃាត ដែលមានជនបង្កជាប្តី និងជាឪពុក របស់ជនរងគ្រោះ។

នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នេះលោក កី ម៉ានេរ៉ា អនុប្រធានតុលាការក្រុងភ្នំពេញ និងជាចៅក្រមជំនុំជម្រះ ដោយមានលោក ហោ លីណា ជាតំណាងអយ្យការសវនាការ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ប៊ុន អូន ភេទប្រុស អាយុ ២៥ឆ្នាំ ដាក់ពន្ធនាគារកំណត់ រយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៤លានរៀលចូលជាថវិការដ្ឋ ពីបទ មនុស្សឃាតដោយអចេតនា និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសំណង់ខុនដូ ១៧២ ផ្លូវ១៦៧ ក្រុមទី១៨ ភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ យោងតាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

សាលក្រមរបស់តុលាការ ក៏បានតម្រូវឲ្យជនជាប់ចោទ សងសំណងជំងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណី ដែលជាឪពុក និងជាជីតា ជនរងគ្រោះ ហើយក៏ត្រូវជាឪពុកក្មេកជនជាប់ចោទ ចំនួន ១៥លានរៀល។

លោក ឡុង ជា ដែលជាឪពុកបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ឡុង ញាញ់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកយល់ថា ការសម្រេចរបស់ចៅក្រម មិនទាន់សាកសម នឹងអំពើរបស់ជនជាប់ចោទ ដែលបានប្រព្រឹត្តលើ កូនស្រី និងចៅ របស់ខ្លួនដែលស្លាប់ទាំងនៅក្នុងពោះម្តាយនោះទេ។

លោកអះអាងថា សាកសពកូនស្រីលោក មានស្នាកស្មាម វាយបាក់ក បែកមុខ បែកក្បាល លៀនភ្នែក មិនសមជា ការប្រលែងជាមួយប្តី រអិលជើងធ្លាក់ពីលើអគារស្លាប់នោះទេ។

ប៉ុន្តែដោយសារលោកជាមនុស្ស មិនចេះដឹង និងក្រីក្រផង លោកសុខចិត្ត ទទួលយក សំណងដែលតុលាការសម្រេច តែរឿងដាក់ទោសជនជាប់ចោទ ជាប់គុក ត្រឹម ២ឆ្នាំ លោកគិតថា អយុត្តិធម៌នៅឡើយ ចំពោះសពជនរងគ្រោះ ទាំង ២នាក់។

គួររំលឹកថា កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ មានហេតុការណ៍ ស្ត្រីមានផ្ទៃពោះខាងលើធ្លាក់ពីលើអគារស្លាប់ ដ៏រន្ធត់មួយបានកើតឡើង ស្ថិតនៅចំណុចការដ្ឋាន សំណង់អគារខុនដូរ ដែលកំពុងសាងសង់ ស្ថិតនៅខាងត្បូងស្ថានទូតចិន លើផ្លូវលេខ១៦៧ កែងផ្លូវ៤៣២ ក្នុងភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាជំហ៊ានដំបូង សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានថា ហេតុការណ៍នោះជាអំពើអត្តឃាត ប៉ុន្តែក្រោយពេលសមត្ថកិច្ច ហៅជនជាប់ចោទ ជាប្តី និងជាឪពុកទារកក្នុងផ្ទៃទៅសាកសួរ ទើបដឹងថា ជនជាប់ចោទជាអ្នកធ្វើឲ្យប្រពន្ធធ្លាក់ស្លាប់៕

មតិយោបល់