ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកព្រូសមួយគ្រឿង បើកក្នុងល្បឿនលឿនពេក ក៏ជ្រុលចង្កូតទៅបុកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតទ្រូងផ្លូវអស់២កង់ រីឯរថយន្តរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តព្រូស ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-0676 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនពេក ក៏រេចង្កូតទៅបុកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យដួលរលំអស់១កង់ធំ និងក្បាលនាគវៀច។ រីឯរថយន្តវិញរងការខូចខាតដាច់ក្រឡេកង់ផ្នែកខាងមុខខាងស្តាំរថយន្តយ៉ាងដំណំតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។
ក្រោយពេលកើតហេតុតៃកុងរថយន្តក៏បានរត់គេចខ្លួនបាត់ស្រមោលឈឹងមិនដឹងថាជាបុរសរឺក៏ជានារីនោះទេ ទុកតែរថយន្តចោលនៅកណ្តាលផ្លូវ ហើយសម្ថកិច្ចជំនាញក៏បានវាស់វែងស្ទូចយករថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់