ភ្នំពេញៈ បុរសដែលជាជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ចាប់ឃាត់ខ្លួន បន្ទាប់ពីចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ នៅក្នុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។
ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ យិន សូរិយា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ៨២ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ និងទី២ឈ្មោះ ម៉ា ច័ន្ទសុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះឈ្មោះ ឈុន ចន្ថា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅភូមិសង្កាត់កើតហេតុ ។
ករណីខាងលើសមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃ ម៉ាក iPhone6 មួយគ្រឿង កាបូបលុយ កូនបាស់ មួយគ្រឿង និងដែកសម្រាប់ ឆ្កឹះសោមួយ ។
តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍កាកាប២ ដើម្បីទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាន ស្រាប់តែនៅវេលាម៉ោងខាងលើ មានប្រជាពលរដ្ឋទូរស័ព្ទ ប្រាប់ថា មានជនសង្ស័យចូលក្នុងក្រុមហ៊ុន ខេ ខេ ស្តា នៅភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ លុះកម្លាំងនគរបាលចុះទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នាំទៅសាកសួរនៅប៉ុស្តិ៍ និងត្រួតពិនិត្យ ឃើញដែក ឧបករណ៍សម្រាប់ឆ្កឹះសោ។
ក្រោយឃាត់ខ្លួនជនសង្ស័យបាន នាំទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញ អនុវត្តន៍បន្តតាមនីតិវិធី ចំណែកសម្ភារៈ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ៕
មតិយោបល់