កណ្តាលៈ កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយប្រជាការពារភូមិម្នាក់ ត្រូវរថយន្តម៉ាកហាយឡែនឌ័រ បុកបណ្តាលឲ្យស្លាប់នៅចំណុចផ្លូវលេខ២១ ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ករណីនេះកើតឡើងដោយមានរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2B-8588 បើកបរដោយឈ្មោះ ចំរើន ករុណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរតុបតែងរោងការ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយមានអ្នករួមដំណើជាមួយចំនួន៥នាក់ នៅក្នុងរថយន្ត។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកឈ្មោះប៊ុន ធឿន (ហៅឡេង) ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ និងជាប្រជាការពារភូមិស្វាយតានី មានទីលំនៅភូមិស្វាយតានី ឃុំ ព្រែកគយ ស្រុកស្អាង ខេត្ត កណ្តាល ដែលកំពុងជិះកង់ឆ្លងផ្លូវពីលិចទៅកើត ចំពីក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់ ហើយបានស្លាប់នៅពេលក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្អាង។
ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅពិនិត្យ និងវាស់វែងទីកន្លែងកើតហេតុ និងឃាត់ខ្លួនអ្នកបើកបររថយន្ត រួមទាំងវត្ថុតាងទាំង២យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ច្បាប់បន្តទៀត ។
ចំពោះការសន្និដ្ឋាន៖ ករណីនេះបង្កឡើងដោយអ្នកជិះកង់ ធ្វេសប្រហែសឆ្លងផ្លូវក្នុងស្ថានភាពគ្រោះថ្នាក់ ឯអ្នកបើករថយន្ត បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕
មតិយោបល់