ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរចរណ៍មួយរវាងម៉ូតូ និងរ៉ឺម៉កកង់បី បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូសណ្តោងរ៉ឺម៉កកង់បីមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1HB-2907 បើកបរដោយបុរសម្នាក់ និងកូនស្រីរបស់ខ្លួនបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតមានរថយន្តមួយគ្រឿង បានឆ្លងផ្លូវរួចអ្នកបើកកង់បីបានបន្ថយល្បឿន ដើម្បីគេចរថយន្តខាងលើ ស្របពេលនោះ ស្រាប់តែមានយុវជនម្នាក់បើកម៉ូតូម៉ាក ឃ្លិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FY-7101 ធ្វើដំណើរស្របទិសមកពីក្រោយយ៉ាងលឿនវាក់អឺ និងឡានឆ្លងផ្លូវទើបគេចទៅបុកពីក្រោយរ៉ឺម៉កកង់បី បណ្តាលឲ្យរ៉ឺម៉កក្រឡាប់ផ្ងារជើងនៅកណ្តាលផ្លូវ ចំណែកភាគីខាងម៉ូតូរងរបួស និងម៉ូតូខ្ទេចមួយកំណាត់មុខ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងដាក់អែបខាង ដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា៕
មតិយោបល់