ព័ត៌មានជាតិ

Lexus RX400 ស្លាកលេខ​នគរបាល​ បុករះរ៉ឺម៉កលក់ពងទានកូន និងរថយន្តតូចធំ២គ្រឿងទៀត របួសធ្ងន់​ម្នាក់ នៅលើស្ពានច្បារអំពៅ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត Lexus RX400 ស្លាកលេខ (នគរបាល) បានបើកទៅបុករ៉ឺម៉ក លក់ពងទាកូន ពីក្រោយពេញទំហឹង រួចរុញទៅបុកផ្ទប់ ជាមួយរថយន្ត Camary និងបន្តទៅបុកផ្ទប់កន្ទុយរថយន្តសណ្ដោងធុនធំ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់១នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង១៥នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅលើស្ពានព្រះមុនីវង្សថ្មី (ស្ពានច្បារអំពៅ)​ ក្នុងសង្កាត់ច្បារអំពៅ​១​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។

ប្រភពពីសាក្សីដែលឃើញ ហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន រថយន្តកុងតឺន័រធុនធំ សណ្ដោងកន្ទុយ​ (មិនចាំស្លាកលេខ) មួយគ្រឿង​ និងមានរថយន្ត Camary មួយគ្រឿង​ទៀត ស្លាកលេខ​(នគរបាល​)​ 2-2836 និងបុរសម្នាក់ទៀត កំពុងបើក​ម៉ូតូរ៉ឺម៉កលក់ពងទានកូន បានធ្វើដំណើរឆ្លងស្ពានព្រះមុនីវង្ស ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុពាក់កណ្ដាលស្ពាន ស្រាប់តែមានរថយន្ត Lexus RX400 មួយគ្រឿងទៀត​ ពណ៌ខ្មៅ ពាក់ស្លាកលេខ(នគរបាល​) 2-2114 បើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿន ដូចហោះស្របទិសពីលិចទៅកើត ទៅបុកចំ​ម៉ូតូរ៉ឺម៉កលក់ពងទានកូនពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ខ្ទាតផ្លោង ធ្លាក់ពីលើរ៉ឺម៉ក​ រងរបួសធ្ងន់ និងរ៉ឺម៉កខ្ទាតផ្ងារជើងម្ខាង ចាក់ទូកញ្ចក់ និងគ្រឿងពងទាកូនចោលពេញផ្លូវ។

ប្រភពដដែលបានបន្តថា រថយន្តបង្កនៅមិនទាន់ អស់ល្បឿនទេ បានបន្តទៅបុកគូទរថយន្ត Camary មួយគ្រឿង​ទៀតពេញទំហឹង និងរុញទៅបុកផ្ទប់កន្ទុយសណ្ដោងរថយន្តធុនធំ លាន់ដូចរន្ទះ​ បណ្ដាលឲ្យ​រថយន្ត​ Camary រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយខ្ទេចស្ទើរតែទាំងស្រុង និងរថយន្ត​កុងតឺន័រ​មិនចង់វែងឆ្ងាយ ក៏បានបើកបន្តដំណើរទៅមុខទៀត ចំណែករថយន្ដបង្ករងការខូតខាតផ្នែកខាងមុខ និងផ្ទុះពោងសុវត្ថិភាព ក្នុងរថយន្តផងដែរ។ រីឯបុរសដែលរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ហុងហាក់ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ​ គេឃើញអ្នកបើករថយន្ត បើកទ្វារចេញមក ដោយទុករថយន្តបង្កកន្លែងកើតហេតុ រួចប្រញាប់ប្រញាល់​គេចខ្លួន ពីកន្លែងកើតហេតុបាត់តែម្ដង ។

តាមសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់