ព័ត៌មានជាតិ

ប្តីខំទៅរកស៊ីនៅថៃ តែប្រពន្ធបែបជាលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយប្រុសផ្សេង

ភ្នំពេញៈ បុរសម្នាក់ហេតុ តែចង់មានចង់បាន ខំដើររកស៊ីដឹកឥវ៉ាន់ ពីប្រទេសថៃ មកកម្ពុជា ដោយរវល់តែឡើងចុះ ខណៈប្ដីមិននៅផ្ទះជាច្រើនខែ ស្រាប់ប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសថ្មី ដោយមានការសង្ស័យទើប ខាងប្តីតាមដាន រាល់សកម្មភាព ទើបដឹងរឿងប្រពន្ធផិតក្បត់ លួចសែនព្រេនស្ងាត់ៗ ជាមួយប្រុសស្នេហ៍។

ដោយទ្រាំលែងនឹងទង្វើបែបនេះមិនបាន ទើបនៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ប្តីតាមទាន់ប្រុសស្នេហ៍ កំពុងនៅក្នុងផ្ទះរបស់ខ្លួន លេខ៣៦សេ២០ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យក៏ស្រែកឆោឡោ ទាស់សម្ដីគ្នាមួយប្រ៉ាវ ផ្អើលអ្នកភូមិ រួចសមត្ថកិច្ចក៏បានចុះទៅអន្តរាគមន៍ ហៅនាំភាគីទាំង៣ ទៅសាកសួរនៅប៉ុស្តិ៍តែម្តង ។

ភាគីខាងប្រពន្ធមានឈ្មោះ ប្រាក់ ឆវី អាយុ៣៤ឆ្នាំ មុខរបរ លក់ដូរ កាត់ដេរ រស់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិប្រគៀប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ចំណែកភាគីខាងប្តីឈ្មោះ សៀ គឹមលី អាយុ៣៧ឆ្នាំ មុខរបរ អ្នកជំនួញ ខ្មែរ-ថៃ រស់នៅផ្ទះកើតហេតុ តែក្នុងរយៈពេល៤ខែ ខណៈដែលមានបញ្ហាក្នុងគ្រួសារ ច្រើនតែស្នាក់នៅផ្ទះបង ផ្សេងទៀត ។ ដោយឡែក ភាគីខាងប្រុសស្នេហ៍ របស់ស្រ្តីខាងលើ ឈ្មោះ ឯក ណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ សន្តិសុខ មានស្រុកកំណើត ភូមិប្រគៀប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមសម្ដីបុរសជាប្តី បានឲ្យដឹងថា គាត់បានរៀបការជាមួយប្រពន្ធគាត់ អស់រយៈពេល១០ឆ្នាំមកហើយ ដោយប្រកបមុខរបរ ជាអាជីវករ មានកូនស្រីម្នាក់ អាយុ៧ឆ្នាំហើយ ជាចំណងស្នេហ៍ ។ គាត់បានបន្ថែមថា ការរស់នៅក្នុងសង្គមគ្រួសារ គ្រាដើម រាសីខ្ពស់ត្រដែត មុខរបរ រកស៊ីឡើងដូចកាំជណ្តើរ ក៏មានបហិច្ឆតាពង្រីកមុខរបរធ្វើជំនួញជួញដូរ ដឹកឥវ៉ាន់ ពីប្រទេសថៃ មកកម្ពុជា អស់រយៈពេលជិត១ឆ្នាំ ។ ស្របពេលដែលប្តីមិននៅផ្ទះ ស្រាប់តែរយៈពេល៤ខែចុងក្រោយនេះ ពោលក្នុងអំឡុង ខែមីនា ឆ្នាំ២០១៨ កន្លងមកនេះ ស្រាប់តែភាគីខាងប្រពន្ធ បញ្ចេញនូវអាកប្បកិរិយាប្លែកៗ ចេះតែដុក ដាន់ រករឿងក្នុងគ្រួសារ កើតជាទំនាស់ បាត់អស់សុភមង្គលក្នុងគ្រួសារ ។
ដោយមានការងឿងឆ្ងល់ សកម្មភាពប្លែកៗរបស់ភាគីប្រពន្ធ ទើបគាត់ជាប្ដីតាមដាន បានដឹងថាប្រពន្ធខ្លួន លួចបង្កាត់ភ្លើងស្នេហ៍ ជាមួយប្រុសផ្សេង ខណៈដែល ខ្លួននិងប្រពន្ធនៅមិនទាន់លែងលះ ដាច់ស្រឡះ ទើប រហូតដល់វេលាម៉ោងប្រមាណ៧យប់ ថ្ងៃកើតហេតុ គាត់បានតាមទាន់ ឃើញប្រុសស្នេហ៍ប្រពន្ធ ចូលមកដល់ក្នុងផ្ទះ ក៏ស្រែកឆោឡោ ផ្អើលអ្នកជិតខាង និងសមត្ថកិច្ចចុះទអន្តរាគមន៍ ។

តាមសម្តីភាគីខាងប្រពន្ធវិញ បានឲ្យដឹងយ៉ាងខ្លីថា មូលហេតុមកពីប្តីចុះចោលផ្ទះ៤ខែមកហើយ ទើបកើតរឿងនេះ ។

ករណីនេះ ត្រូវបានសមត្ថកិច្ចហៅនាំភាគីទាំង៣ ទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីរកវិធីដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់