ព័ត៌មានជាតិ

ហាយលែនឌ័រ បុករះរថយន្ត២គ្រឿងបន្តបុកចូលផ្ទះជួសជុលម៉ូតូ ស្លាប់បុរសម្នាក់យ៉ាងរន្ធត់

ភ្នំពេញ: រថយន្តហាយលែនឌ័រមួយគ្រឿង បើករេចង្កូតបុករះរថយន្តបាឡែន និងរថយន្តហ៊ីយ៉ាន់ដាយកូរ៉េ មិនទាន់អស់ល្បឿន ជ្រុលទៅបុកចូលមុខផ្ទះជួសជុលម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់និង៣នាក់ទៀតរងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3708 ។ ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ង្វៀង​ យ៉ាំងម៉េវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិថ្មី ស្រុកពញាឮ ខេត្តកណ្តាល។ អ្នករងបួសធ្ងន់ម្នាក់ឈ្មោះ សុខ​ខន​ សុខទី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ និងអ្នករបួសស្រាល២នាក់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេដឹងតែត្រឹមថារថយន្តបង្កបើកតាមផ្លវជាតិលេខ៦អា ទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្តរេទៅស្តាំដៃបុករះរថយន្តបាឡែន និងបន្តបុករះរថយន្តហ៊ីយ៉ាន់ដាយ កូរ៉េ ចតស្ងៀម បណ្តាលឲ្យរថយន្ត២គ្រឿងខាងលើរងការខូចខាត។ មនុស្សប្រុស២នាក់របួសស្រាល រថយន្តខាងលើមិនអស់ល្បឿនជ្រុលទៅបុកចូលមុខផ្ទះជួសជុលម៉ូតូរបួសធ្ងន់២នាក់ តែក្រោយពីដឹកដល់មន្ទីរពេទ្យយុវជនម្នាក់ឈ្មោះ ង្វៀង​ យាំងម៉េវ ភេទប្រុស ជនជាតិវៀតណាម អាយុ២៣ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិថ្មីស្រុកពញាឮ ខេត្តកណ្តាល បានស្លាប់ ហើយដំណឹងនៃការស្លាប់នេះ ត្រូវបានឲ្យដឹងដោយលោក ខាន់ ​ច័ន្ទ​គៀត ដែលអះអាងថាជាបងប្រុសរបស់សពយុវជនរងគ្រោះខាងលើ​។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តនិងអ្នកបើកបរទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធីនៅពេលក្រោយ៕

មតិយោបល់