ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ាន់ នីឡា និងមេធាវី ចូលបំភ្លឺតុលាការព្រឹកនេះ

ភ្នំពេញៈ ប្រភពផ្លូវការបានអះអាងថា នៅព្រឹកថ្ងៃទី១០ សីហា វេលាម៉ោង៨៖៣០នាទីព្រឹកនេះ តារាចម្រៀងនាង វ៉ាន់ នីឡា នឹងចូលខ្លួនបំភ្លឺលើពាក្យបណ្ដឹងរបស់ខ្លួនជាលើកដំបូង បន្ទាប់ពីមានការទម្លាយថា ពាក្យបណ្ដឹងរបស់នាងត្រូវបានបញ្ជូនចេញផុតពីក្រសួងមហាផ្ទៃ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមខែសីហា។ តាមគម្រោងនាង និងមេធាវី នឹងទៅដល់តុលាការនៅវេលាម៉ោង៨៖៣០នាទីព្រឹកនេះ ដោយមិនមានវត្តមានរបស់អតីតសង្សារនាងដែលជាប់ពាក់ព័ន្ធទៅដែរនោះទេ ដោយសារតែតុលាការ ទើបតែធ្វើការហៅភាគីខាងដើមបណ្ដឹងឲ្យចូលបំភ្លឺ និងមិនទាន់ឈានដល់ចំណាត់ការកោះហៅចុងចោទនៅឡើយ។

កញ្ញា វ៉ាន់ នីឡា ដែលទើបមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៨ ខែសីហា ក្រោយបញ្ចប់ការសម្ដែងនៅប្រទេសអូស្រ្តាលី នៅមិនទាន់អាចសុំការបញ្ជាក់ពីការចូលបំភ្លឺលើពាក្យបណ្ដឹងរបស់ខ្លួននៅព្រឹកនេះទេ ប៉ុន្តែលោក សុខ ជំនោរ បានទទួលស្គាល់ការពិត។ លោកបានថ្លែងថា ក្រោយដាក់បណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ស្ថាប័នមួយនេះ បានបញ្ជូនពាក្យបណ្ដឹងរបស់ប្អូនស្រីលោកទៅដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមខែសីហា ហើយសាលាដំបូងរាជធានីភ្នំពេញ ក៏បានកោះហៅឲ្យប្អូនរបស់លោកទៅបំភ្លឺតាំងពីថ្ងៃទី៣ ខែសីហា ប៉ុន្តែមកពីនាងមិនទាន់មកពីអូស្រ្តាលីវិញ ទើបសុំលើកពេលទៅនៅព្រឹកថ្ងៃទី១០ ខែសីហា ម៉ោង៨ព្រឹកនេះវិញ។

លោកនិយាយថា «ការពិតពាក្យបណ្ដឹងរបស់ប្អូនខ្ ញុំបានបញ្ជូនទៅដល់តុលាការហើយ ប៉ុន្តែមកពីខ្ញុំ និងប្អូនស្រី មិនទាន់ចង់និយាយ ទើបមិនទាន់ទម្លាយព័ត៌មាននឹង!»។ លោកថា ការបំភ្លឺរបស់នាង គឺមានតែនាង និងមេធាវីរបស់នាងប៉ុណ្ណោះ ដោយខាងតុលាការមិនមានកោះហៅភាគីចុងចោទឲ្យមកនោះទេ ដោយសារតែចំណាត់ការនោះ មិនទាន់ដល់ពេលកោះហៅចុងបណ្ដឹង។

លោក សុខ ជំនោរ បានសារភាពថា ភាគីខាងចុងចោទមិនដែលបង្ហាញខ្លួនទេ ក្នុងពេលបណ្ដឹងរបស់នាងស្ថិតនៅក្រសួងមហាផ្ទៃ និងក្រោយពីក្រសួងមហាផ្ទៃ កោះហៅម្ដងជាពីរដង។ លោកនិយាយថា «បើតាមខ្ញុំដឹងខាងណោះ(ចុងចោទ) អត់ដែលចូលខ្លួនអីទេ ប៉ុន្តែនឹងជាសិទ្ធិរបស់គាត់ ព្រោះគាត់មានសិទ្ធិចូលខ្លួន ឬមិនចូលខ្លួន ដោយសារតែក្នុងពេលនោះ ការកោះហៅ គឺជាការចាត់ចែងរបស់ក្រសួងមហាផ្ទៃ តែឥឡូវពាក្យបណ្ដឹងធ្លាក់ដល់ដៃតុលាការហើយ ចឹងបើគាត់នៅតែមិនចូលខ្លួនទៀត គឺជារឿងរបស់គាត់!»។

មានការប៉ាន់ស្មានថា ការបង្ហាញខ្លួនចូលបំភ្លឺលើពាក្យបណ្ដឹងរបស់នាងនៅព្រឹកថ្ងៃទី១០ ខែសីហានេះ នឹងធ្វើឲ្យមានការចាប់អារម្មណ៍ពីស្រទាប់មហាជន និងក្រុមអ្នកកាសែត។ យ៉ាងណាមិញ លោក សុខ ជំនោរ បានអះអាងថា ការបង្ហាញខ្លួនរបស់នាងមិនមានអ្វីទទួលបានលទ្ធផលនោះទេ ដោយសារតុលាការគ្រាន់តែឲ្យចូលបំភ្លឺលើពាក្យបណ្ដឹងដែលបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ។ លោកថា លោកនឹងធ្វើការលាតត្រដាងការពិតដើម្បីឲ្យមហាជន ជាពិសេសគឺតារាសិល្បៈក្នុងក្រុម «គ្រួសារតារាសិល្បៈ» បានបង្ហាញការឈឺឆ្អាលចំពោះប្អូនរបស់លោក តាមរយៈការប្រមូលស្នាមមេដៃធ្វើជាញត្តិគាំទ្រនាងនោះ៕

photo_2016-08-09_22-33-31photo_2016-08-09_22-33-38photo_2016-08-09_22-33-45photo_2016-08-09_22-33-52photo_2016-08-09_22-33-59photo_2016-08-09_22-34-07photo_2016-08-09_22-34-13photo_2016-08-09_22-34-19photo_2016-08-09_22-34-25photo_2016-08-09_22-34-31photo_2016-08-09_22-34-38

មតិយោបល់